(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីមូលហេតុចំនួន៣ដែលកម្ពុជាចូលជាសមាជិកអាស៊ាន និងបានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជា ឱ្យកសាងស្នាដៃជាយុវជនគំរូ ដើម្បីកិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិ ជាពិសេស ត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នា ក្នុងតំបន់អាស៊ាន និងជប៉ុនផងដែរ។ លោក ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈដែលបានអនុញ្ញាតឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។
លោក ហ៊ុន សែន បានសម្តែងការអបអរសាទរ និងមោទនភាពចំពោះយុវជនកម្ពុជា របស់យុវជនកម្ពុជា២៩នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន» ដែលមានរយៈពេល៥២ថ្ងៃ ចាប់តំាងពីថ្ងៃទី ២៥តុលា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ប្រាប់ក្រុមប្រតិភូយុវជនកម្ពុជា អំពីមូលហេតុដែលកម្ពុជាចូលជាសមាជិកអាស៊ាន ទី១- ដោយសារគោលការណ៍មិន ជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង, ទី២- ស្មារតីសហគមន៍ មានន័យថា សមាជិកអាស៊ានទំាងអស់មាន ភាពស្នើភាពនិងស្មើសិទ្ឋិ ទី៣- ការជំរុញកំណើរសេដ្ឋកិច្ចនិងការកសាងសង្គមដែលយើងអាចទាញបានអំពី សមាគមអាស៊ាននេះ និងចំណុចទី៤ដែលជាកត្តាសំខាន់ គឺច្រកការទូតរបស់កម្ពុជាទៅកាន់បរទេស។
គួរបញ្ជាក់ថា កម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣»នេះ ប្រតិភូយុវជនទាំង១១ប្រទេស នឹងធ្វើដំណើរទៅជួបជុំគ្នា នៅប្រទេសជប៉ុន បន្ទាប់មកធ្វើដំណើរតាមនាវា ដោយមានកម្មវិធី ជាច្រើន ឆ្លងកាត់ ប្រទេសអាស៊ានដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និងត្រឡប់ទៅបញ្ចប់កម្មវិធីនៅប្រទេសជប៉ុនវិញ៕