ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ចែករង្វាន់ដល់សិស្សជាប់បាក់ឌុបនិទ្ទេស A, B, C ជិត៥០០នាក់ ក្នុងខេត្តបន្ទាយមានជ័យ

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
150

(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះចែករង្វាន់ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A B C ជិត៥០០នាក់។

ពិធីចែករង្វាន់លើកទឹកចិត្តខាងលើនេះ ត្រូវបានធ្វើឡើងក្នុងសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក គោស៊ុំ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក, លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសប្បុរសធម៌ ជាច្រើននាក់។

រង្វាន់លើកទឹកចិត្តទាំងនោះ រួមមាន៖ សិស្សជាប់និទ្ទេស A ចំនួន១៦នាក់ ក្នុងម្នាក់ៗទទួលបានទូរស័ព្ទ Iphone ៦Plus ១គ្រឿង និងសម្ភារៈមួយចំនួន។ រីឯសិស្សនិទ្ទេស B C ជិត៥០០នាក់ ក៏ទទួលបានរង្វាន់លើកទឹកចិត្តមួយចំនួនដែរ។

សូមជម្រាបថា បេក្ខជនប្រឡងជាប់បាក់ឌុបទូទាំងប្រទេស ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥,៧៥៣នាក់ ស្មើនឹង ៦២.១៨ភាគរយនៃចំនួនបេក្ខជនសរុប ក្នុងនោះវត្តមានចំនួន ៨៩,៦៦១នាក់។

ចំពោះបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រពិត មានចំនួន ៣៨,៤១៥នាក់ ស្មើនឹង ៥៧.២៨ភាគរយ នៃបេក្ខជនចំនួន ៦៧,០៧១នាក់ និងបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧,៣៣៨នាក់ ស្មើនឹង ៧៦.៧៥ភាគរយ នៃបេក្ខជនចំនួន ២២,៥៩០នាក់៕

14590008_342232446109264_2891360960252877374_o 14612556_342232399442602_4504859496639581571_o 14681926_342232549442587_3561014356342275532_o

ចែករំលែក

បញ្ចេញយោបល់