ទស្សន៖ ហេតុអ្វីអ្នក​ក្លាហាន​ក្បត់​សម្តីខ្លួ​នឯង ស្វែងរក​ការធា​នាចេ​ញ​ពី​បញ្ជី​ខ្មៅ?

ថ្ងៃសុក្រ ទី ១៦ មិថុនា ២០១៧​
490

(ភ្នំពេញ)៖ ដើម្បីរកលេសមកបិទបាំងទង្វើដ៏កំសាក និងការក្បត់ពាក្យសម្តីរបស់ខ្លួន មិនធ្វើតាមអ្វីដែល​ខ្លួននិយាយ​ក្តែងៗថា បើសម្តេចតេជោ ហ៊ុន សែន លើក បម្រាមហាម​ឃាត់ការ​វិល​ត្រឡប់​របស់​ខ្លួន​ចូល​ស្រុក​វិញពេលណា និងវិលចូលប្រទេសកម្ពុជាវិញពេលនោះ ទោះបីជាខ្លួនជាប់គុកយ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ ខែមិថុនា នេះ សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកខ្លួនថា «មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំត្រូវ​ការ​ឲ្យ​លោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រម បោះបង់គម្រោងរបស់គាត់ ដែលចង់កំចាត់មនុស្សពី១០០ ទៅ ២០០ នាក់ ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះត្រូវបានគាត់ប្រកាសជាសាធារណៈ ថ្មីៗនេះ។ ខ្ញុំដឹងថា តាំង​តែពីឆ្នាំ១៩៩៧ ខ្ញុំជាមនុស្សទី១ នៅលើបញ្ជីខ្មៅរបស់គាត់។ ហេតុអ្វីបានជា សម រង្ស៊ី ដឹងថាខ្លួន​ស្ថិតក្នុ​ង​បញ្ជី​ខ្មៅ? តើពិតជាមានបញ្ជីខ្មៅនោះមែនឬ?

គេនៅចាំបានថានៅប៉ុន្មានសបា្តហ៍មុន ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ក្នុង​នាម​ជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍ព្រមានទុកជាមុននៅចំពោះមុខភាពគឃ្លើនរបស់បក្សប្រឆាំង ការបន្តដើរញុះញង់ បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ ព្រមទាំងបានបង្កការរើសអើងប្រឆាំងជាតិសាសន៍ថា សូមកុំឱ្យស្ថានការណ៍ដូចឆ្នាំ ២០១៣ ដុត​កម្ទេច​ឡានសមត្ថកិច្ច តវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត បង្កជាកុប​កម្ម​ហិង្សា​ក្នុងចេតនាបដិវត្តន៍​ពណ៌កើត​ឡើង​ទៅ​ទៀត។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ប្រសិនបើកើតមានព្រឹត្តិការណ៍ដូចឆ្នាំ២០១៣នោះ កងកម្លាំងសមត្ថកិច្ច នឹង​ចុះ​បង្ក្រាប​ភ្លាម ហើយមិនមានការអត់ធ្មត់ទៀតឡើយ។ សម្តេចបានគូសបញ្ជាក់ថា ទៅថ្ងៃមុខ បើមាន​សកម្មភាព​ណា​មួយក្នុងគោលបំណងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រាកដណាស់ថានឹងមានការបង្ក្រាប ហើយ​សូម​កុំបន្ទោសទៅលើថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ ដែលបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងបដិវត្តន៍ពណ៌។ ប្រមុខដឹកនាំរដ្ឋាភិបាលបានប្រាប់ឱ្យដឹង មុនថា សូមចងចាំថា ត្រកូលហ៊ុន មិនមែនអ្នកកាប់សម្លាប់ទេ ត្រកូល​ហ៊ុន​នេះ​បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងកម្ពុជា។ ប៉ុន្តែដើម្បីជីវិតមនុស្ស រាប់​លាន​នាក់សុខចិត្ត​កម្ចាត់ចោល​មនុស្ស១០០ ឬ ២០០នាក់។ សំណាងល្អ នៅក្នុង​ការបោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នាពេល​កន្លងទៅ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ។ ប៉ុន្តែការប្រុងប្រយ័ត្ននៅមានជាប់រហូត។

ការត្រៀមជាយថាហេតុក្នុងកម្ចាត់មនុស្សអាក្រក់ទាំងនេះមិនមែនដើម្បីការពារអំណាចរបស់សម្តេចតេជោដូចអ្វីដែល សម រង្ស៊ី បានចោទប្រកាន់ទាំងងើល នោះឡើយ តែដើម្បីការពារសន្តិភាព និងការអភិវឌ្ឍដែលជាតិ និង​ប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផល។ បើសម រង្ស៊ី ចាត់ទុកខ្លួនឯងនៅក្នុងបញ្ជីខ្មៅ នៃក្រុមបង្កការញុះញង់ និង​ចលាចលក្នុងសង្គម គឺមានន័យថា សម រង្ស៊ី កំពុងចំណាត់ថ្នាក់របស់ខ្លួនចូលក្នុងក្រុមមនុស្សមួយចំនួនតូច ដែល​ចូល​ចិត្តពឹង ឥទ្ធិពលបរទេសដើម្បីធ្វើនយោបាយ និងដែល​តែងតែព្យាយាមទាញ​កម្ពុជាចូលក្នុង​ភ្នក់ភ្លើង​សង្គ្រាមសោកនាដកម្ម និងការបំផ្លិចបំផ្លាញសាជាថ្មី ខណៈប្រទេសជាតិ និងប្រជាជនកម្ពុជាកំពុងទទួល ពរ​ជ័យ​ពីសន្តិភាព និងការអភិវឌ្ឍ។

បើ សម រង្ស៊ី ថាមានបញ្ជីខ្មៅហើយខ្លួន ក៏ស្ថិតក្នុងបញ្ជីនោះក៏ព្រោះតែ សម រង្ស៊ី ដឹងថា ទង្វើដែលខ្លួន​បាន​ធ្វើ​រយៈ​ពេលជាង២០ឆ្នាំមកនេះ គឺជាទង្វើឧទ្ទាម នយោបាយ ដើរញុះញង់រាស្ត្រ បង្កចលាចលក្នុងសង្គម។ ពេល សម រង្ស៊ី នៅក្នុងស្រុក ស្ថានភាពនយោបាយតឹងតែង ហើយអាជីវករពាណិជ្ជករមានការ ព្រួយបារម្ភ ប្រកប​មុខ​របរ​ទាំងក្តីព្រួយបារម្ភព្រោះ សម រង្ស៊ី ព្យាយាមបង្កបញ្ហាដល់ការគ្រប់គ្រង និង​ដឹក​នាំ​ប្រទេស​របស់រាជ​រដ្ឋា​ភិបាល​​​តាមរយៈវោហារសាស្ត្រ ចាក់ដោត និងច្រណែនឈ្នានីសរបស់ខ្លួន។ បើ សម រង្ស៊ី នៅក្រៅប្រទេស សម រង្ស៊ី ដើរសម្អុយកេរ្តិ៍ឈ្មោះជាតិខ្មែរគ្រប់ទីកន្លែងអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ និងឈប់ទិញផលិតផល សម្លៀក​​បំពាក់ និងផលិតផលវាយណភណ្ឌផ្សេងទៀតរបស់កម្ពុជា។ កម្ពុជា ក្រោមក្រសែភ្នែក សម រង្ស៊ី និង​បក្ស​ប្រឆាំង គឺខ្មៅងងឹតតែម្តង។ ប៉ុន្តែបើ សម រង្ស៊ី នៅខ្ចាត់ព្រាត់ពីប្រទេសកម្ពុជា រាស្ត្រ​ខ្មែរ​ដូច​ជាមាន​សេចក្តី​ក្នុងចិត្ត និងមិនរងគ្រោះដោយទង្វើដោយ ផ្ទាល់របស់ទណ្ឌិតរូបនេះ។

កាលដែលសម្តេចតេជោ ព្រមានទុកជាមុននេះគឺជាភាពស្របច្បាប់ ក្នុងនាមជាមេដឹក​នាំប្រទេសដែល​មាន​តួនាទី​​ក្នុង​​ការការពារសុខសុវត្ថិភាព សន្តិភាព និងធានាបាននូវដំណើរការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ។ នេះ​មិន​មែនចម្លែកទេ! សូម្បីប្រទេសថៃ មេដឹកនាំប្រទេសនេះក៏បាននិយាយដែរថា រវាងស្ថេរភាពក្នុង ប្រទេស និង​លទ្ធិ​ប្រជាធិបតេយ្យ ខ្លួននឹងជ្រើសរើសយកស្ថេរភាពជាតិ ជាងប្រជាធិបតេយ្យ។ មានតែ សម រង្ស៊ី ដែលជា​អ្នក​នយោបាយកំសាកទេ ដែលចេញ​មកប្រកាស​ធ្វើជាអ្នកសង្គ្រោះ​ជាតិក្នុង​ពេល​ប្រទេស​មានសន្តិភាព​នោះ។ សង្គ្រោះ​​ផេះ! តើពេលកម្ពុជារងគ្រោះដោយរបបខ្មែរក្រហមបក្សសង្គ្រោះជាតិ នេះនៅឯណា? សម រង្ស៊ី នៅស្រុក​បារាំង ផឹកស្រាក្រហម បរិភោគប័រយ៉ាងឆ្ញាញ់ពិសា រស់នៅក្នុងជីវិតអភិជន ខណៈរាស្ត្រខ្មែរគ្មានអ្វីហូប និង​ប្រជាពលរដ្ឋ ខ្មែរប្រមាណ ៣ លាននាក់ស្លាប់បាត់បង់ជីវិត។ ប្រទេសជាតិ និងជីវិត​រាស្ត្រខ្មែរ​រាប់លាន​នាក់ត្រូវ​បាន​រំដោះ​ចេញពីក្រញ៉ាំដៃនៃវាល ពិឃាតដោយស្នាដៃ របស់ថ្នាក់​ដឹកនាំគណប​ក្សប្រជាជន​កម្ពុជា​ដឹកនាំ​ដោយសម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម តាមរយៈការងើបឡើង វាយ​ផ្តួលរំលំរបបអាវខ្មៅនេះ។

ខណៈសម រង្ស៊ី និងក្រុមរបស់ខ្លួនចងសម្ព័ន្ធមិត្រជាមួយខ្មែរក្រហមបន្តបំផ្លិចបំផ្លាញប្រទេស និងប្រជាជន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានខិតខំដឹកនាំស្តារ និងកសាងប្រទេសឡើងវិញពីបាទដៃទទេ និង​ទប់​ទល់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត មិនដូច សម សារី ឪពុករបស់ សម រង្ស៊ី ត្រូវបានគេស្គាល់ថាជាជនក្បត់ជាតិឡើយ ហើយដំណក់ឈាមជនក្បត់ជាតិ​នេះកំពុងតែតាម​បំផ្លិចបំផ្លាញ​ជាតិ​ខ្មែរ បំផ្លាញសន្តិភាព និងការអភិវឌ្ឍជាតិ និងប្រជាជន តាមខ្សែញាក់បរទេស និងគំនុំគ្រួសារ។

ដូច្នេះ ទាំង សម រង្ស៊ី ទាំងបក្សប្រឆាំង និងសកម្មជនរបស់ខ្លួនគួរគោរពក្រមសីលធម៌នយោបាយ និងសីលធម៌​ក្នុងការ​បញ្ចេញមតិ ព្រោះអ្វីៗស្ថិតនៅក្រោមច្បាប់ និងព្យាយាមធ្វើជា​ប្រជាពលរដ្ឋល្អ​ដើម្បីកុំឱ្យ​ខ្លាចស្រមោល​ខ្លួន​ឯង និងកុំឱ្យមានអារម្មណ៍ថាខ្លួនជាមនុស្សដែលស្ថិតក្នុងបញ្ជីខ្មៅ ព្រោះទង្វើរបស់ខ្លួន ធ្វើនា​ពេលកន្លង​មក​ជា​​ទង្វើបំផ្លាញជាតិ បង្កចលាចលសង្គម និងទង្វើអសីលធម៌ផ្សេងៗទៀតដែលរំខានដល់សន្តិភាព ការអភិវឌ្ឍ និង​សន្តិសុខផ្លូវចិត្ត របស់ប្រជាជន។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ខ្លាចស្រមោលខ្លួនឯង និងព្យា​យាម​ស្វែង​វិធានការការពារខ្លួន។ ចំណុចនេះក៏បង្ហាញថា សម រង្ស៊ី ជាមនុស្ស អាត្មានិយមបំផុត ចង់រស់ម្នាក់ឯង ចុះមនុស្ស​ផ្សេងទៀតក្នុងចំណោម ១០០ ទៅ ២០០នាក់នោះ ហេតុអ្វី សម រង្ស៊ី មិនស្វះស្វែង​រកការ​ធានា​ជារួម​ផង​? នេះបានចំជាសក់អ្នកណា ក្បាលអ្នកហ្នឹងមែន!!!

ដោយ៖ ចៅចាក់ស្មុក

ចែករំលែក

បញ្ចេញយោបល់