តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ថា កម្ពុជាជាប្រទេសគំរូមួយ ដែលស្ថាប័នទេសចរណ៍ និងវប្បធម៌ធ្វើការរួមគ្នាដើម្បីនិរន្តរភាពនៃតំបន់បេតិកភណ្ឌ

ថ្ងៃសុក្រ ទី ១៦ មិថុនា ២០១៧​
67

សន្និសីទអន្តរជាតិនៃអង្គការយូណេស្កូស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ ដែលបានរៀបចំនៅលើទឹកដីអង្គរនៃខេត្តសៀមរាប បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ថា ប្រទេសកម្ពុជាជាប្រទេសគំរូមួយដែលស្ថាប័នទេសចរណ៍និងវប្បធម៌រួមសហការគ្នាយ៉ាងល្អ ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ និងតំបន់បេតិកភណ្ឌមាននិរន្តរភាពយូរអង្វែង។​

លោកស្រី អាន ឡឺម៉េស៍ (Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានហៅសន្និសីទនាពេលនេះថា វាជាការចាប់ផ្តើមមួយដ៏ល្អ ដែលនឹងនាំឱ្យថ្នាក់ដឹកនាំប្រទេសនានាគិតគូរលើការអភិវឌ្ឍទីក្រុងដែលជាបេតិកភណ្ឌ។ លោកស្រីបញ្ជាក់ថា បេតិកភណ្ឌ គឺជាបេតិកភណ្ឌ វាមានតម្លៃផ្ទាល់ខ្លួន ដែលបង្ហាញនូវអត្តសញ្ញាណរបស់សហគមន៍ណាមួយ មិនថាវាជាបេតិកភណ្ឌជាតិ ឬជាបេតិកភណ្ឌពិភពលោកនោះទេ គឺយើងត្រូវយកចិត្តទុកដាក់ថែរក្សាឱ្យបានល្អ ដើម្បីរក្សានូវអត្តសញ្ញាណនៃតំបន់នោះឱ្យមានចីរភាព។លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីបិទសន្និសីទនេះថា សន្និសីទនេះពិតជាបានសម្រេចលទ្ធផលយ៉ាងជោគជ័យ ដោយហេតុថា សមាជិកចូលរួមដែលមកពីជុំវិញពិភពលោកមិនត្រឹមតែបង្ហាញនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានបង្ហាញនូវដំណោះស្រាយតាមរយៈបទពិសោធន៍នៃតំបន់រៀងៗខ្លួន ដែលជួយឱ្យយើងអាចយកមកដោះស្រាយកង្វល់នានាដែលកំពុងកើតមានឡើងក្នុងទីក្រុងបេតិកភណ្ឌរបស់កម្ពុជាយើង។
លោកស្រីបន្តថា ក្នុងដំណាក់កាលនៃចរន្តសាកលភាវូបនីយកម្ម ទំនើបកម្ម ការរីកសាយភាយយ៉ាងឆាប់រហ័សនៃនគរូបនីយកម្មនាពេលបច្ចុប្បន្ននេះ បានក្លាយជាក្តីកង្វល់យ៉ាងខ្លាំង ដែលនាំទៅរកការបាត់បង់ទីក្រុងចាស់ៗ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌនៃមនុស្សជាតិ។ ហេតុនេះហើយ ការពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ដើម្បីរៀបចំបង្កើតនូវវិធានផ្សេងៗ ស្តីពីការអភិរក្ស និងថែរក្សាសំណង់បេតិកភណ្ឌ ដើម្បីបន្ស៊ីជាមួយច្បាប់រៀបចំក្រុងថ្មី ប្រកបដោយសង្គតិភាព ដែលមានរចនាសម្ព័ន្ធនៃលំហសាធារណៈ លំហធម្មជាតិ គឺជាចំណុចសំខាន់ដែលអង្គសន្និសីទត្រូវយកចិត្តទុកដាក់បង្កើតឡើង។

លោកស្រី ជឿជាក់ថា ឆ្លងកាត់ការធ្វើបទបង្ហាញ ការពិភាក្សា និងការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅទីក្រុងបាត់ដំបង ដែលជាទីក្រុងចាស់មួយពោរពេញដោយសំណង់ស្ថាបត្យកម្មយ៉ាងប្រណីត ដែលបន្សល់ទុកតាំងពីសម័យអាណាព្យាបាលបារាំងមក ហើយជាភស្តុតាងបង្ហាញអំពីប្រវត្តិសាស្ត្រ និងលក្ខណៈដោយឡែកនៃស្ថាបត្យកម្មនៅកម្ពុជា ជាមួយនឹងដំណើរទស្សនកិច្ចតំបន់បេតិកភណ្ឌពិភពលោកក្នុងខេត្តសៀមរាបនេះ អង្គសន្និសីទទាំងមូលពិតជាបានដកបទពិសោធន៍ និងរៀនសូត្រជាច្រើនថែមទៀត ដើម្បីរៀបចំទេសចរណ៍និងទីក្រុងបេតិកភណ្ឌឱ្យបានល្អប្រសើរ ដើម្បីឱ្យមានភាពទាក់ទាញនិងប្រកបដោយនិរន្តរភាព។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោកស្រីក៏បានបញ្ជាក់ថា កម្ពុជាមានគម្រោងនឹងរៀបចំឯកសារដើម្បីបញ្ចូលផ្នែកខ្លះនៃទីក្រុងចំនួន៣ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភបលោកគឺ បាត់ដំបង កំពត និងក្រចេះ។ ទោះជាយ៉ាង ដំណើរការនេះនៅមានភាពវែងឆ្ងាយតទៅទៀត ដោយហេតុថា ការចងក្រងឯកសារដើម្បីបញ្ចូលបេតិកភណ្ឌជាតិមួយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកជារឿងស្មុគស្មាញណាស់៕

ចែករំលែក

បញ្ចេញយោបល់