បុណ្យចេញព្រះវស្សា

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
7670

លុះផុតកំណត់ចាំវស្សា៣ខែហើយ នៅថ្ងៃ១៥កើត ពេញបូណ៌មីខែ ភទ្របទ(ពាក់កណ្តាលខែតុលា) ភិក្ខុសង្ឃត្រូវធ្វើកិច្ចចេញវស្សារបស់ ខ្លួនវិញដែលហៅថា “បុណ្យចេញវស្សា ” ឬ “ បុណ្យបវរណា ”។ ពិធីបវរ ណានេះ ភិក្ខុមួយអង្គៗត្រូវប្រកាសខ្លួនដាក់កាយឱ្យសង្ឃ ឬបុគ្គលគ្នាឯង ធ្វើការរិះគន់ ក្រែងមានប្រព្រឹត្តខុសឆ្គងឬលើសបញ្ញត្តិណាមួយ ក្នុងការចាំ វស្សា៣ខែកន្លងមកនោះ ទោះដោយការឃើញក្តី ការស្តាប់ឮក្តីនិងការ រង្គៀសក្តី ក៏សួមឱ្យលើកឡើងនិងបង្ហាញនូវភ័ស្តុតាងច្បាស់លាស់ដើម្បី ភិក្ខុប្រព្រឹត្តខុសធ្វើការកែប្រែ ឱ្យប្រសើរឡើងវិញ។ មានរឿងមួយទាក់ទង នឹងភិក្ខុសង្ឃធ្វើបវរណាចេញវស្សានេះថា៖ “ សម័យមួយ ព្រះសម្ពុទ្ធទ្រង់ គង់នៅក្នុងវត្តជេតពន ដែលជាអារាមរបស់ អនាថបណ្ឌិកសេដ្ឋី ជិតក្រុង សាវត្ថី។

គ្រានោះឯង មានភិក្ខុជាច្រើនដែលជាមិត្រស្និទស្នាលនឹងគ្នា បានជួបជុំគ្នាចូលវស្សាក្នុងអាវាសវត្តមួយក្នុងកោសលជនបទ។ ភិក្ខុទាំង អស់បានត្រិះរិះថា ‘ តើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យបានសុខ កុំឱ្យមាន ការទាស់ទែងខ្វែងគំនិតគ្នា នៅពេលចាំវស្សា និងមិនឱ្យមានការលំបាក ដោយអាហារបិណ្ឌបាត្រផង?’ ភិក្ខុទាំងអស់ ក៏ព្រមព្រៀងគ្នាថា ‘ យើងមិន ត្រូវនិយាយរកគ្នា មិនត្រូវចរចាររកគ្នាទៅវិញទៅមកទេ។ បើយើងត្រូវការ ពឹងពាក់គ្នា ត្រូវតែប្រើកាយវិការជាសញ្ញា’ “។ កាលបានព្រមព្រៀងគ្នា យ៉ាងដូច្នោះហើយ ភិក្ខុទាំងនោះ ក៏លែងស្តីរកគ្នា រហូតគ្រប់៣ខែ។

លុះចេញ វស្សាហើយ បន្ទាប់ពីបានរៀបចំទុកដាក់សេនាសនៈរួចមក ភិក្ខុទាំងនោះ ប្រដាប់ដោយបាត្រ និងចីវរ ចេញដំណើរទៅកាន់ ទីក្រុងសាវត្ថី ដើម្បីចូល ទៅគាល់ ព្រះដ៏មានព្រះភាគ ក្នុងវត្តជេតពន នោះ។ព្រះសាស្តាក៏ទ្រង់ត្រាស់ សួរថា៖ “ ម្នាលភិក្ខុទាំងឡាយ! អ្នកទាំងឡាយ ល្មមអត់ធន់នូវសេចក្តីទុក្ខ លំបាកបានដែរឬទេ? ឥរិយាបថ ប្រព្រឹត្តទៅបានស្រួលដែរឬទេ? ចុះអ្នក ទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុះស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំ វស្សាដោយសុខសប្បាយ ហើយឬ?”។

ភិក្ខុទាំងនោះក្រាបទូលថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! យើងខ្ញុំព្រះអង្គទាំងអស់គ្នា នៅចាំវស្សាដោយសប្បាយ ក៏ព្រោះតែយើងខ្ញុំព្រះអង្គ មានគំនិតឯកភាពគ្នាថា ‘ យើងខ្ញុំទាំងឡាយ មិនគប្បីហៅរកគ្នា មិនគប្បីចរចាររកគ្នាទៅវិញទៅមក នោះទើប មានឈ្មោះថា ជាអ្នកព្រមព្រៀងគ្នា ស្រុះស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយ សប្បាយ ”។ កាលទ្រង់ព្រះសណ្តាប់នូវពាក្យយ៉ាងនេះហើយ ព្រះសាស្តាក៏ទ្រង់មានព្រះ បន្ទូលថា៖ “ ម្នាលភិក្ខុទាំងឡាយ! អ្នកនៅចាំវស្សាបែបនេះ ពិតជាមិនសប្បាយទេ។ ប៉ន្តែ អ្នកទាំងឡាយបែរជាប្តេជ្ញាថា ខ្លួនជាអ្ននៅចាំវស្សាដោយសប្បាយទៅវិញ។ ការចាំ វស្សារបស់អ្នកទាំងឡាយ ដូចជាការរស់នៅរបស់បសុសត្វ (សត្វដែលគេចិញ្ចឹម) ឬក៏ដូច ជាការរស់នៅរបស់សត្វពពែ ឬក៏ដូចជាការរស់នៅរបស់បុគ្គលប្រមាទ តែនៅប្តេជ្ញាថាខ្លួន ជាអ្នករស់នៅដោយសប្បាយ។ ម្នាលមោឃបុរស! អ្នកមិនសមបើនឹងសមាទាននូវ មូគវត្ត (វត្តរបស់មនុស្សគ) ដែលជា តិតិ្ថយសមាទាន (សមាទានរបស់ពួកតិរ្ថិយ)ទេ អំពើទាំងនេះ មិនមែនជាអំពើដែលនាំឱ្យគេជ្រះថ្លាទេ “។

ព្រះសាស្តាទ្រង់បន្ទោសភិក្ខុទាំងនោះ យ៉ាងដូច្នោះហើយ ក៏ទ្រង់សម្តែងនូវធម្មីកថា ថា៖ “ ម្នាលភិក្ខុទាំងឡាយ! ភិក្ខុមិនត្រូវសមាទាននូវមូគវត្តដែលជាតិតិ្ថយសមាទានទេ ភិក្ខុ ណាសមាទាននឹងត្រូវអាបត្តិទុក្កដ “។ ព្រះសម្ពុទ្ធទ្រង់បញ្ញត្តិ ដោយបទបាលីថា៖ “ អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ តីហិ ឋានេហិ បវារេតុំ ទិដ្ឋេន វា សុតេន វា បរិសង្គាយ វា “ ប្រែថា៖ “ ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ អាចបវរណាដោយស្ថាន៣ យ៉ាងគឺ៖ ដោយឃើញក្តី ដោយឮក្តី និងដោយរង្គៀសក្តី “។

បុណ្យចេញវស្សានេះ ក៏មានប្រវត្តិជាប់ទាក់ទងទៅនឹងរឿង ព្រះពុទ្ធអង្គផ្ទាល់ដែរ។ យោងតាមរឿងនេះថា៖ “ ពេលមួយ ព្រះពុទ្ធទ្រង់គង់ចាំព្រះវស្សាអស់ត្រៃមាស នៅឯតាវតឹង្ស សួគ៌ាឋាន ជាកន្លែង ដែលព្រះពុទ្ធទ្រង់សម្តែងព្រះអភិធម្មទេសនា ប្រោសមាយាទេវបុត្រ (ដែលត្រូវជាអតីតព្រះមាតារបស់ព្រះអង្គ) និងពួកទេវតាដទៃទៀត។ នៅពេលចេញវស្សា ព្រះអង្គក៏យាងចុះមកកាន់ឋានមនុស្សលោកវិញ ដោយមានការទទួលស្វាគមន៍និងបដិ សណ្ឋារកិច្ច យ៉ាងសប្បាយរីករាយក្រៃលែង។ រឿងនេះបានកើតឡើង៧ឆ្នាំ បន្ទាប់អំពីព្រះ ពុទ្ធទ្រង់បានត្រាស់ដឹង។

ពិធីយ៉ាងអ៊ឹកធឹកនេះ ប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ ដ៏សំខាន់នេះ។ កន្លែងទ្រង់យាងចុះនោះឈ្មោះ “ ក្រុងសង្កសៈ “ ស្ថិតនៅខាងជើងប្រទេស ឥណ្ឌា។ ក្នុងពេលធ្វើបុណ្យចេញវស្សានេះ ជាទូទៅនៅពេលល្ងាចឬយប់ថ្ងៃ១៥កើត ខែអស្សុជ ភិក្ខុសង្ឃដែលគង់ចាំវស្សា អស់ត្រីមាស ក្នុងអាវាសណាមួយ ត្រូវជួបជុំគ្នាក្នុងព្រះវិហារ ដើម្បីនមស្សការព្រះរតនត្រ័យ និងសម្តែងអាបត្តិ។ ពុទ្ធបរិស័ទនិមន្តព្រះសង្ឃសម្តែងធម៌ទេសនា “ រឿងព្រះវេស្សន្តរ “ គឺជារឿងព្រះពោធិសត្វ ដែលយោនយកកំណើតក្នុងជាតិចុងក្រោយ បង្អស់ ដើម្បីបំពេញទានបារមី។

ទេសនាមហាជាតក៍ត្រូវយកមកសម្តែងជូនពុទ្ធបរិស័ទជាទី សណ្តាប់ ក្នុងរាត្រីនោះដែរ។ ព្រឹកឡើង ពុទ្ធបរិស័ទយកស្រាក់បាយ សម្លនិងចង្ហាន់ផ្សេងៗមក ឈរតម្រៀបគ្នាជាជួររង់ចាំដាក់បាត្រ ព្រះសង្ឃដែលមានភ្នែកដាក់ចុះនិងកាន់ទ្រនូវបាត្រ និមន្តសន្សឹមៗតាមជួរសប្បុរសជន ដើម្បីទទួលចង្ហាន់បិណ្ឌបាត្រ ប្រកបដោយសេចក្តីមេត្តា និងកាយវិការស្រគត់ស្រគំសមរម្យ។

បន្ទាប់មក សប្បុរសជនទាំងអស់នាំគ្នាទៅជួបជុំនៅ ក្នុងសាលាធំ ជាកន្លែងដែលពុទ្ធបរិស័ទប្រារព្ធពិធីផ្សេងៗ ដើម្បីសមាទាននិច្ចសីលឬឧបោសថ សីល ស្តាប់ព្រះសង្ឃសម្តែងធម្មទេសនា និងធ្វើសមាធិ។កម្មវិធីប្រជាប្រិយផ្សេងៗ ត្រូវបានយក មកសម្តែងនិងអប់រំប្រជាពលរដ្ឋ។ ការកំសាន្តសប្បាយ និងការធ្វើបុណ្យតែងប្រព្រឹត្តឡើងក្នុង ពេលជាមួយគ្នា៕

fn-2016-07-15-14-00-15-1

5639230783_59bb972d46_o-1024x682 12308534_1668229910087846_4354579679854625946_n

ចែករំលែក

បញ្ចេញយោបល់