តើ​ ភាវនា ជា​អ្វី?

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
203

ភាវនា មានន័យថា ការចម្រើនអប់រំចិត្ត ឬជាធម្មតាថាការតម្កល់ចិត្តត្រូវ (សមាធិ)។ គេអាចនិយាយបានថា ការសមាធិជាការធ្វើចិត្តឲ្យបរិសុទ្ធ ដោយព្យាយាមអប់រំវាឲ្យកាន់តែងាយទ្វេឡើងក្នុងការចម្រើននូវចិត្តសប្បុរសធម៌ និងមេត្តាករុណា ហើយទីបំផុតឈានដល់ការចម្រើនឲ្យកើតនូវបញ្ញា។

ជាធម្មតាក្នុងពុទ្ធសាសនា សមាធិ ត្រូវបានបែងចែកជាពីរប្រភេទគឺ សមថៈ និងវិបស្សនា។ សមថភាវនាមានទម្រង់ច្រើនបែបណាស់ ហើយមេត្តាសមាធិ គឺជាទម្រង់នៃសមាធិមួយ ចំណោមសមាធិទាំងអស់នេះសុទ្ធតែមានហេតុផលប្រយោជន៍របស់វា។

ទោះជាយ៉ាងណា ជាធម្មតាគេបានទទួលស្គាល់ថា យើងត្រូវតែបន្តចម្រើនវិបស្សនាទៀត ទើបយើងអាចយល់ពីខ្លួនយើងច្បាស់លាស់ពិតប្រាកដ។ តាមរយៈការប្រតិបត្តិនេះហើយ ដែលយើងនឹងអាចយល់ជាក់ច្បាស់អំពីពុទ្ធវចនៈ និងឃើញនូវសភាវធម៌ផ្សេងៗកើតឡើង និងរលត់ទៅវិញតាមសភាពពិតរបស់វា។ គេអាចនិយាយបានថា សមាធិគឺជាទម្រង់នៃការប្រតិបត្តិព្រះពុទ្ធសាសនាពិតប្រាកដ ព្រោះថាព្រះសម្មាសម្ពុទ្ធផ្ទាល់ ទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធតាមរយៈការប្រតិបត្តិសមាធិនេះដែរ។ តាមពិតយើងគួរចាប់ផ្ដើមចម្រើននូវសមាធិក្នុងជីវិតរស់នៅនេះ ដោយមិនត្រូវរង់ចាំតែពេលវែងទេ។ យើងអាចចម្រើននូវសមាធិត្រឹមតែរយៈពេល ១០ ឬ ២០ នាទី ជារៀងរាល់ថ្ងៃ ឬម្ដង ម្កាលក៏នឹងធ្វើឲ្យយើងបានប្រសើរផងដែរ។

យើងគោរពថ្វាយបង្គំព្រះពុទ្ធ តើយើងចាំបាច់ត្រូវតែទៅវត្ត ឬធ្វើសការបូជា ឬក៏បូជាយញ្ញ?

ពុទ្ធសាសនិកមិនមែនធ្វើសក្ការបូជា ចំពោះព្រះសម្មាសម្ពុទ្ធទេ។ យើងចាត់ទុកព្រះអង្គជាគ្រូរបស់យើងរាល់គ្នា ហើយយើងត្រូវគោរពថ្វាយបង្គំព្រះអង្គ។ ពុទ្ធបរិស័ទឱនគោរពថ្វាយបង្គំចំពោះព្រះពុទ្ធរូប (រូបសំណាកព្រះពុទ្ធ) គឺជាមាគ៌ាយ៉ាងសាមញ្ញមួយនៃការបង្ហាញពីសេចក្ដីគោរព។ នេះគឺដូចគ្នាទៅនឹងការគោរពទង់ជាតិ ឬត្រូវក្រោកឈរឡើងពេលគេចាក់បទភ្លេងជាតិ។

ជាធម្មតា ការគោរពថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ មិនមែនចាំបាច់តែទៅវត្តនោះទេ។ ប៉ុន្តែពុទ្ធបរិស័ទជាច្រើនដូច្នេះមែន ព្រោះថានៅវត្តពួកគាត់អាចជួបជុំជាមួយនឹងសព្រហ្មចារី ឬដើម្បីរៀនសូត្រនូវព្រះពុទ្ធវចនៈបន្ថែម។ នៅក្នុងពុទ្ធសាសនាមិនមានតម្រូវការចាំបាច់ក្នុងការធ្វើសក្ការបូជាទេ ហើយពុទ្ធសាសនិកមិនមែលមានពិធីបូជាយញ្ញនោះដែរ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា មាគ៌ាដ៏ប្រពៃបំផុតក្នុងការគោរពព្រះអង្គ គឺត្រូវប្រតិបត្តិតាមអ្វីដែលព្រះអង្គបានសម្ដែង។ នេះបានដល់ការប្រតិបត្តិប្រកបដោយបញ្ញាស្មារតី និងភាពរឹងមាំមួយផ្ទុយពីបុគ្គលពួកខ្លះដែលប្រឆាំងនឹងការទៅវត្តអារាម ហើយបែរជាយកពេលទំនេរដ៏មានតម្លៃមកធ្វើអំពើអាក្រក់ទៅវិញ។

តើអ្វីជាសារសំខាន់នៃការបូជារបស់ពុទ្ធសាសនិក?

តាមប្រពៃណី យើងសង្កេតឃើញថា ធូប ទៀន និងផ្កា ទាំងបីនេះជាវត្ថុសាមញ្ញសម្រាប់ធ្វើសក្ការបូជា។ ពុទ្ធសាសនិកដែលចេះដឹងពុទ្ធសាសនាជ្រៅជ្រះនឹងយល់ថា វត្ថុទាំងនេះមិនមែនជាការបូរជាពិតប្រាកដទេ ប៉ុន្តែវាគ្រាន់តែជានិមិត្តសញ្ញារំលឹកស្មារតី។

ជាក់ស្ដែង ធូបរំលឹកអំពីក្លិននៃពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលផ្សាយទូទៅពេញសាកលលោក។ ទៀនតំណាងឲ្យពាក្យប្រៀនប្រដៅរបស់ព្រះអង្គដែលបំភ្លឺផ្លូវយើងក្នុងទីងងឹត។ រីឯផ្កាវិញ រំលឹកអំពីជីវិតរបស់យើងទាំងអស់គ្នានេះថា ស្ថិតក្នុងសភាពមិនទៀតទាត់ ប្រៀបដូចផ្កាដែលយើងបូជាយ៉ាងដូច្នោះដែរ។ ផ្កានៅកំពុងរីក គឺស្រស់ស្អាត និងមានក្លិនក្រអូបណាស់ ប៉ុន្តែវានឹងស្វិតស្រពោន និងប្រែរូបតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ យ៉ាងណាមិញ រូបយើងទាំងអស់គ្នានឹងចាស់បន្តិចម្ដងៗ ហើយទីបំផុតក៏ដល់នូវសេចក្ដីស្លាប់។

ដូច្នេះផ្កាបានរំលឹកយើងថា យើងគួរគប្បីប្រើប្រាស់ពេលវេលារបស់យើងតាមដែលអាចធ្វើបាន ក្នុងការបំពេញនូវអំពីល្អចំពោះអ្នកដទៃនិងខ្លួនឯង ហើយប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធក្នុងជីវិតប្រចាំថ្ងៃ។

ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ៥០០០ឆ្នាំ

ចែករំលែក

បញ្ចេញយោបល់