តើ​ពុក​គឺ​ជា​នរណា?

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
130

រូបពុកគាត់ជាបុរសម្នាក់ ដែលញ៉ាំងបុត្រឲ្យកើតហើយនិងជាបុរស ដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងក្រុមគ្រួសារ។ ពុក គឺជាពាក្យដែលកូនៗគ្រប់រូបបានហៅយ៉ាងស្និទ្ធស្នាលបំផុត ដែលបានផុសចេញអំពីក្រអៅបេះដូងនៃកូនគ្រប់គ្នា។ ជួនកាលកូនខ្លះហៅថា ពុក ខ្លះហៅថា ឪ ខ្លះហៅថា ឪពុក កូនខ្លះហៅ ប៉ា ប៉ុន្តែមានតែពាក្យថា “ពុក” នេះទេដែលឮកូនៗគ្រប់គ្នា បានហៅចេញពីមាត់ជាង ៧០ភាគរយ សរបញ្ជាក់ឲ្យឃើញថា ពុក ជាពាក្យមួយ ដែលកូនប្រុស-ស្រីតែងតែនិយមហៅ មិនដែលដាច់ឡើយ ដើម្បីសំដែងឲ្យឃើញនូវភាពកក់ក្ដៅនិងក្ដីសង្ឃឹម របស់បុត្រធីតាគ្រប់រូបទាំងអស់។ ហើយពុកគឺជាបុរសដែលកើតចេញអំពីមាតាបិតាដូចមនុស្សសត្វដទៃផងដែរ។

កាលដើមឡើយពុករបស់យើង មុននឹងគាត់ប្រសូតចេញ ពីផ្ទៃមាតាមកនោះ ដោយមានការអាស្រ័យ មាតាបិតារបស់គាត់ រួមស្នេហាមេត្រីជាមួយគ្នា ទើបពុករបស់យើង មកចាប់បដិសន្ធិក្នុងផ្ទៃនៃមាតាបាន ហើយដោយអាស្រ័យ ការក្រេបជញ្ជក់យកជីវជាតិពីមាតា មានឈាមជាដើមនោះបានធ្វើឲ្យរាងកាយរបស់គាត់ កាន់តែលូតលាស់ធំឡើងៗរហូតដល់៩ខែ១០ថ្ងៃ ឬ១០ខែ ទើបប្រសូត្រចេញអំពីផ្ទៃមាតាមក ហើយបានឃើញនូវពិភពលោកខាងក្រៅ ដ៏ស្អាតធំធេងនេះ ដោយបានទទួលការថែរក្សា ដោយយកចិត្តទុកដាក់ ពីឪពុកម្ដាយរបស់គាត់ មានការបំបៅទឹកដោះនិងបញ្ចុកនំចំនីអាហារ ដែលមានឱជារសឆ្ងាញ់ពិសាព្រមទាំងការបង្ហាត់បង្រៀនផង បានធ្វើឲ្យរូបគាត់លូតលាស់ធំឡើងបន្តិចម្ដងៗ រហូតដល់ចេះក្រឡាប់ រំកិល វារ ដើរ និងចេះនិយាយស្ដី ចរចា ជាមួយឪពុកម្ដាយរបស់គាត់ លុះដល់គាត់មានវ័យអាយុ៦ឬ៧ឆ្នាំ ទើបឪពុកម្ដាយគាត់បានបញ្ជូនរូបគាត់ឲ្យទៅរៀននៅសាសាមត្តេយ្យ សាលាបឋមសិក្សា ដើម្បីឲ្យគាត់ បានចេះអក្សរ លេខពន្វន្ត ហើយការសិក្សារបស់ពុក គឺចេះតែឡើងថ្នាក់ជាលំដាប់រហូតដល់ អនុវិទ្យាល័យ វិទ្យាល័យ និងសកលវិទ្យាល័យ ពេលដែលបញ្ចប់ការសិក្សារៀនសូត្រពុករបស់យើង បានស្វែងរកការងារធ្វើ ដូចជាធ្វើជា គ្រូបង្រៀន ឬ ជាគ្រូពេទ្យ ជាវិស្វករ ជាមេធាវី ជាវិចិត្រករ ឬពាណិជ្ជករ ជាប្រធានក្រុមហ៊ុនជាដើម។

ទាំងអស់នេះហើយ គឺជាលក្ខណៈរបស់ឪពុក ដែលមានគ្រួសារ ស្ថិតនៅក្នុងត្រកូលខ្ពង់ខ្ពស់ ជាគ្រួសារដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហេតុនេះហើយ បានជាមាតាបិតារបស់គាត់ ផ្គត់ផ្គង់រូបគាត់ឲ្យសិក្សាដល់ទីបញ្ចប់ដោយបរិបូរណ៍ ប៉ុន្តែផ្ទុយទៅវិញ មានគ្រួសារឪពុកម្ដាយខ្លះ មានសភាពក្រក្សត់ម្លោះហើយ ការឧបត្ថម្ភគាំទ្រកូន ឲ្យបានរៀនខ្ពង់ខ្ពស់ចប់ថ្នាក់នោះ មានតិចតួចណាស់ ដែលបានរៀនចប់ ហើយក្នុងចំណោមមនុស្ស១០០នាក់ គឺមានតែចំនួនមនុស្ស១០នាក់ ឬ ១៥ នាក់ប៉ុណ្ណោះដែលបានសិក្សាចប់ ហេតុនេះហើយមានពុកខ្លះដោយសារតែជីវភាពគ្រួសារលំបាកវេទនា រូបគាត់ត្រូវបានឈប់រៀន នៅក្នុងអាយុ១៥ឆ្នាំ ខ្លះ១៧ឆ្នាំ ខ្លះ២០ឆ្នាំ ខ្លះទៀតមិនបានសិក្សា រៀនសូត្រទាល់តែសោះ តែម្ដង ហើយអ្នកដែលធ្លាប់បានសិក្សាក៏ត្រូវបានបញ្ឈប់ការសិក្សា ហើយបែរជាស្វែងរកការងារធ្វើ ដើម្បីឲ្យបានកំរៃខ្លះ យកមកចិញ្ចឹមឪពុកម្ដាយរបស់ខ្លួន ពុកខ្លះក៏ធ្វើជាកម្មករ សំណង់ ខ្លះទៀតគឺធ្វើអ្នកថែរក្សាសួន ខ្លះជាអ្នកដើររើសទិញអេតចាយ ខ្លះធ្វើការស៊ីឈ្នួលគេ ជាអ្នកលើកដាក់សម្ភារៈធ្ងន់ៗ មានលីបាវអង្ករស្រូវជាដើម ខ្លះធ្វើការមួយថ្ងៃកាត់ មួយថ្ងៃកោរ ជួនកាលបាន ជួនកាលមិនបាន ជួនកាលហូបចុកមិនសូវគ្រប់គ្រាន់ បានពេលព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក។ ដូច្នេះហើយយើងជាកូន ត្រូវដឹងថាពុករបស់យើងគ្រប់គ្នានោះ គឺ មិនមានឋានៈដូចគ្នាទាំងអស់នោះទេ ពុកខ្លះកើតក្នុងត្រកូលស្ដុកស្ដម្ភ ហើយជិតផ្សារ ជិតសាលារៀន ពុកខ្លះក្រីក្រលំបាក កើតត្រង់ទីកន្លែងខ្វះសាលារៀន គ្មានទីផ្សារ ដូចជាស្រុកស្រែចំការ ឬ ក៏តំបន់ទើបតែអភិវឌ្ឍថ្មីៗ ហើយជីវិតរបស់គាត់ គ្មានលទ្ធភាពដើម្បីសិក្សាបាន មានការងារធ្វើមិនល្អ មានតែឲ្យពុករបស់យើង មានការងារធ្វើមិនល្អ មានតែភាពលំបាកវេទនា ជួនកាលត្រូវមេការ ឬថៅកែស្ដីបន្ទោសឲ្យ ពុកមិនដែលហ៊ានតវ៉ា ឬតមាត់នឹងមេការថៅកែឡើយ ដោយខ្លាចគេដេញចេញពីការងារលែងឲ្យធ្វើការបន្តទៀត ម៉្លោះហើយក៏ស៊ូទ្រាំខាំមាត់សង្កត់ចិត្ត ដោយមានភាពក្ដុកក្ដួលដ៏ក្រៃលែងមិនហ៊ានចរចារឡើយ ហើយរូបគាត់នៅតែសំដែងនូវភាពញញឹមជានិច្ច។

ពុកខ្លះកើតក្នុងគ្រួសារ ជាអ្នកប្រកបមុខរបរដើរសុំទានគេ យកមកចិញ្ចឹមជីវិត ហើយការរៀនសូត្រនោះ គឺមិនបានចូលរៀននឹងគេទេ មានតិចតួចណាស់ដែលកើតក្នុងត្រកូលសុំទាន បានសិក្សានឹងគេ ព្រោះក្នុងមួយថ្ងៃៗ រវល់តែដើរសុំគេ មានពេលឯណានឹងទៅសាលារៀន បើខ្លួនទៅរៀន ខ្លួនមិនបានបាយហូប ព្រោះការដើរសុំនោះជួនកាលបាន ជួនកាលមិនបាន ជីវិតពុកដែលកើតក្នុងភាពលំបាកយ៉ាងនេះ តើមានពេលឯណានឹងបានសិក្សារៀនសូត្រដូចរូបគេ ហេតុនេះហើយ រូបពុកក៏មិនមានចំណេះដឹងអ្វីឡើយ។

ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិតពុកម៉ែ
ដោយ៥០០០ឆ្នាំ

ចែករំលែក

បញ្ចេញយោបល់