សន្ទស្សន៍​សន្តិភាពស​កល៖ កម្ពុជា​ទទួលចំណាត់​ថ្នាក់​សន្តិភាព​ល្អជាង​ឆ្នាំ​មុន​

ថ្ងៃសុក្រ ទី ៩ មិថុនា ២០១៧​
77

របាយការណ៍សន្ទស្សន៍សន្តិភាពសកល(Global Peace Index)ឆ្នាំ ២០១៧ បង្ហាញថា កម្ពុជាទទួលបានចំណាត់ថ្នាក់សន្តិភាពប្រសើរជាងឆ្នាំ ២០១៦ និងប្រសើរជាងប្រទេសដទៃទៀតដែលស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។ ប្រសើរជាងមុនត្រង់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា គ្មានចលនាបាតុកម្ម កុប្បកម្មរបស់កម្មករ ឬជម្លោះប្រដាប់អាវុធ ការរក្សាបានគោលនយោបាយសារពើពន្ធល្អ និងការចូលរួមផ្តល់ជំនួយហិរញ្ញវត្ថុគាំទ្រប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។

របាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពកម្រាស់ជាង ១៤០ ទំព័រដែលវាយតម្លៃពីសន្តិភាពប្រទេសចំនួន១៦៣ ពិភពលោក ក៏បានកត់សម្គាល់ពីភាពប្រសើរឡើង និងស្ថេរភាពនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាស្ថិតនៅក្នុងលេខរៀងទី ៨៩ ក្នុងចំណោមប្រទេសទាំងអស់ ១៦៣ ខណៈប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅចំណាត់ថ្នាក់បាតតារាងនៅក្នុងតំបន់។
បើធៀបនឹងឆ្នាំ២០១៦ កម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរជាងមុនរហូតដល់ទី ១៥ លេខ។ ពោលគឺនៅក្នុងឆ្នាំ ២០១៦ កម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១០៤ ក្នុងចំណោមប្រទេស ១៦៣។
ទន្ទឹមនឹងចំណាត់ផ្នែកសន្តិភាព ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់នេះ របាយការណ៍ដដែល បានដាស់តឿនថា ស្ថិរភាពនៅកម្ពុជាអាចនឹងរងផលប៉ះពាល់ដោយសារភាពតានតឹងផ្នែកនយោបាយទាំងក្នុងពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៨ ខាងមុខ។
បើតាមរបាយការណ៍ ប្រទេសដែលមានកម្រិតសន្តិភាពខ្ពស់បំផុត បានទៅលើប្រទេសអ៊ីស្លង់ ដែលបានរក្សាតំណែងនេះតាំងពីឆ្នាំ ២០០៨ មក តាមពីក្រោយដោយប្រទេសណូវែលហ្សេឡង់។ខណៈ សិង្ហបុរីមានសន្តិភាពជាងគេក្នុងចំណោមសមាជិកអាស៊ាន។ ចំណែកប្រទេសដែលគ្មានសន្តិភាពនិងអស្ថេរភាពជាងគេលើពិភពលោក គឺប្រទេសស៊ីរី ដែលកំពុងតែញាំញ៉ីដោយសង្គ្រាមស្ទើររាល់ថ្ងៃ។
សូមបញ្ជាក់ថា របាយការណ៍សន្ទស្សន៍សន្តិភាពសកល ធ្វើឡើងដោយផ្អែកលើកត្តាបីចម្បងសំខាន់រួមមាន៖ ការធ្វើយោធូបនីយកម្ម សន្តិសុខសង្គម និងជម្លោះហិង្សា៕

ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិជាខេមរភាសា

ចែករំលែក

បញ្ចេញយោបល់