រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានថា ប្រសិនបើអង្គការឬបុគ្គលណាដែលអុកឡុកស្ថានការណ៍អំពីលទ្ធផលបោះឆ្នោតនឹងត្រូវទទួលទោសតាមច្បាប់

ថ្ងៃសៅរ៍ ទី ៣ មិថុនា ២០១៧​
94

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានថា ប្រសិនបើអង្គការ ឬបុគ្គលណា ដែលអុកឡុកស្ថានការណ៍អំពី លទ្ធផលបោះឆ្នោត នឹងត្រូវទទួលទោសតាមច្បាប់។ លោក បា​នថ្លែងដូចនេះនៅចំពោះមុខអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងមហាផ្ទៃ នាវេលាថ្ងៃត្រង់ទី០៣ ខែមិថុនា ឆ្នាំ២០១៧។

ឆ្លើយនឹងសំណួរបស់ក្រុមអ្នកសារព័ត៌មាន លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «យើងជាប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែត្រូវតែគោរពច្បាប់។  ខ្ញុំសង្ឃឹមថា នឹងមិនមានបញ្ហានោះកើតឡើងទេ ប៉ុន្តែអ្នកដែលបង្កើតបញ្ហា ឬអង្គការណាបង្កើតបញ្ហា រំលោភលើច្បាប់អង្គការ ឬក៏បុគ្គលនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់»

សូមបញ្ជាក់ថា បទពិសោធន៍កន្លងមក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ គណបក្សប្រឆាំង បានធ្វើបាតុកម្មជាបន្តបន្ទាប់ដោយមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ ជាមួយគ្នានេះ ក៏មានអង្គការសង្គមស៊ីវិលមួយចំនួន បានចោទថាការរៀបចំការបោះឆ្នោតពេលនោះ មានភាពមិនប្រក្រតី ជាហេតុធ្វើឱ្យភាពជាប់គាំងនយោបាយអូសបន្លាយរយៈពេល១ឆ្នាំ៕

ចែករំលែក

បញ្ចេញយោបល់