នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការដែលកម្ពុជាអញ្ជើញគណៈប្រតិភូទាំងអស់ចូលរួមសង្កេតការណ៍នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យបានឃើញនូវភាពជាក់ស្ដែងអំពីដំណើរការបោះឆ្នោតនៅកម្ពុជា។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពីសន្និសីអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិច (CAPDI) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ( CDI-International) ដែល ដឹកនាំដោយលោក អង់ដ្រេ ប៉ាស្ត្រាណា អារ៉ង់ហ្គោ ដែលជាអតីតប្រធានាធិបតីកូឡុំប៊ី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ ដែលបានមកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅស្អែកនេះ។ការដែលកម្ពុជា អញ្ជើញគណៈប្រតិភូទាំងអស់ចូលរួមសង្កេតការណ៍នេះ គឺដើម្បីធ្វើយ៉ាងណា ឱ្យបានឃើញនូវភាពជាក់ស្ដែងអំពីដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃស្អែកនេះដែរ គឺបានទទួលជំនួយឧបត្ថម្ភពីសហគមអឺរ៉ុប និងប្រទេសជប៉ុនទាំងផ្នែកសម្ភារៈ និងបច្ចេកទេស។
លោក អារ៉ង់ហ្គោ បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា នេះជាលើកទី៣ហើយ ដែលលោកបានមកកាន់កម្ពុជា។ ដំណើរទស្សនៈកិច្ចនាពេលនេះ គឺមានគោលការណ៍ចំនួន៣ ទី១- គឺតំណាងឱ្យប្រទេសកូឡុំប៊ី ដើម្បីមកសិក្សាពីបទពិសោធន៍អំពីកម្ពុជា យកទៅអនុវត្តន៍នៅប្រទេសកូឡុំប៊ី ទី២- គឺដើម្បីចូលរួមសង្កេតការណ៍ពីការបោះឆ្នោតនៅកម្ពុជាមើល និងរៀនពីការបោះឆ្នោតរបស់កម្ពុជាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ និងទី៣- លោកមានបំណងចង់យកបទពិសោធន៍ដែលទទួលបានពីកម្ពុជាពេលនេះ ទៅចែករំលែក ដើម្បីជាការលើកស្ទួយដល់លទ្ធិប្រជាធិបតេយ្យទូទាំងពិភពលោក។ លោក បានបញ្ជាក់ថា កាលពី២០ឆ្នាំមុន កម្ពុជាបានទទួលការជួយឧបត្ថម្ភពី អាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា UNTAC ហើយពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ គឺលោកមករៀននិងពិនិត្យ ការបោះឆ្នោតដែលកម្ពុជារៀបចំឡើងដោយខ្លួនឯងតែម្តង។
នៅក្នុងឱកាសនេះដែរ លោក វិជ័យ ជូលី តំណាងអង្គការ ICAPP បានគោរពជម្រាបជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអង្គពិធីទាំងមូលថា លោកបានចុះពីយន្តហោះ កាលពីថ្ងៃម្សិលមិញ ហើយលោកបានឃើញគណបក្សនយោបាយជាច្រើន បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត គឺលោកពិតជាមានសេចក្តីរីករាយណាស់ដែលសង្កេតឃើញថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជា ជាពិសេសថ្ងៃចុងក្រោយនេះ បានប្រព្រឹត្តិទៅយ៉ាងល្អ ហើយលោកក៏បានសម្តែងនូវភាពរីករាយ ដែលកម្ពុជាកំពុងតែជ្រោងទង់ប្រជាធិបតេយ្យឆ្ពោះទៅមុខ៕