តបតាមសំណើរបស់ការិយាល័យសហព័ន្ធស៊ើបអង្កេត FBI របស់អាមេរិកនោះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអតីតសិក្ខាកាម FBI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០ រយៈពេល ០៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា សន្និសីទនេះ នឹងធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅខេត្តសៀមរាប។ សន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពីកងកម្លាំងអនុវត្តច្បាប់ ដែលធ្លាប់ទទួលបានទទួលការសិក្សានៅបណ្ឌិតសភា FBI សហរដ្ឋអាមេរិក មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហរដ្ឋអាមេរិក និងមកពីបណ្តាប្រទេសនានាលើសកលលោក និងនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃជាង ២០០នាក់។
សន្និសីទនេះ នឹងធ្វើពិភាក្សាផ្តោតជាសំខាន់ទៅលើបទល្មើសឆ្លងដែនដែលផ្តោតសំខាន់ទៅលើការប្រឆាំងភេរវកម្ម និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា៕