លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្យាចំពោះព្រះសារីរិកធាតុថា នឹងបន្តខំប្រឹងដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន

ថ្ងៃសៅរ៍ ទី ៣ មិថុនា ២០១៧​
96

ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការឃោសនា​រក​សំឡេងឆ្នោត​នៅ​រាជធានី​ភ្នំពេញ ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក ​ហ៊ុន ​សែន ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​និង​ជានា​យក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ដ៏​មាន​ឥទ្ធិពល ​នៅ​ព្រឹក​ថ្ងៃទី០២ ​ខែមិថុនា ​ឆ្នាំ២០១៧ ​មានការ​ចូលរួម​ដង្ហែ ​និង​គាំទ្រ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពី​ថ្នាក់ដឹកនាំ ​សមាជិក ​សមាជិកា ​និង​ប្រជាពលរដ្ឋ​អ្នក​ស្រឡាញ់​ពេញចិត្ត​ចំពោះ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​មួយ​នេះ​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ​គណបក្សប្រជាជន​កម្ពុជា ​គឺជា​គណបក្ស​នយោបាយ​ថ្លៃថ្នូរ ​មាន​ភាព​ចាស់ទុំ ​ជាពិសេស​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ប្រទេស​យ៉ាង​រឹងមាំ​។ ​ ​គណបក្ស​ប្រជាជន​កម្ពុជា ​គឺជា​គណបក្ស​នយោបាយ ​ដែល​បាន​ប្រឹងប្រែង​នាំមក​នូវ​សុខ​សន្តិភាព ​និង​អភិវឌ្ឍន៍​ឱ្យ​មាន​អ​គារ​ខ្ពស់​ៗ​ក្នុង​រាជធានី​ភ្នំពេញ ​និង​សាលា​រៀន​ល្អ​ៗឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​សិក្សា​រៀនសូត្រ​ផង​ដែរ​។

នៅពេល​ក្បួន​រថយន្ត​អម​សងខាង​មុខក្រោយ​ដោយ​ក្បួន​ម៉ូតូ​ប្រមាណ៥០០គ្រឿង ​បាន​ធ្វើដំណើរ​មកដល់​ព្រះ​សក្យមុនី​ចេតិយ​មុខ​ស្ថាន​នីយ​រថភ្លើង លោក ​ហ៊ុន ​សែន ​ក៏បាន​ឈប់​ក្បួន​រថយន្ត​ថ្លែង​សារ​ទៅកាន់​ប្រជាពលរដ្ឋ​។ ​ក្រៅពី​ការ​ថ្លែង​សារ​ទៅកាន់​ប្រជាពលរដ្ឋ ​លោក ​ហ៊ុន ​សែន ​បាន​ថ្លែងសច្ចា​ចំពោះសារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ​នៅ​ព្រះ​សក្យមុនី​ចេតិយ​ថា ​នឹង​ប្រឹងប្រែង​ដឹកនាំ​ប្រទេសជាតិឱ្យ​កាន់តែ​រីកចម្រើន ​និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព ​កាន់តែ​ល្អ​ប្រសើរ​។

ទាំងប្រជាពលរដ្ឋដែលបានចូលរួមដង្ហែក្បួន ក៏ដូចជាប្រជាពលរដ្ឋឈរអមតាមដងផ្លូវសុទ្ធតែបានបង្ហាញការយល់ឃើញដូចៗគ្នាថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលពួកគាត់ជឿថា អាចរក្សាបាននូវសុខសន្តិភាព និងកសាងអភិវឌ្ឍន៍ជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ចែករំលែក

បញ្ចេញយោបល់