ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសដកមេឃុំឬចៅសង្កាត់ណាដែលបម្រើពលរដ្ឋតាមមូលដ្ឋានមិនបានល្អនៅពេលឈ្នះឆ្នោត

ថ្ងៃសុក្រ ទី ២ មិថុនា ២០១៧​
140

ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថានឹងដកមេឃុំ ឬចៅសង្កាត់ ណា ដែលបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានមិនបានល្អ​ពេលដែលគណបក្ស​ឈ្នះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ​។ លោក បានថ្លែងដូចនេះ ក្នុងពេលដឹកនាំអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា​ដ៏ធំសម្បើមជិត២០ម៉ឺននាក់ ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃបិទបញ្ចប់​នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន ​សែន ​បានបញ្ជាក់​ថា ​កាលណា​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្សប្រជាជន​កម្ពុជា ​បាន​ឈ្នះ​ឆ្នោត​នោះ ​គណបក្ស​មួយ​នេះ​មានលទ្ធភាព​កែប្រែ​នូវ​អ្វី ​ដែល​ជា​ចំណុច​ខ្វះខាត​ជូន​ពលរដ្ឋ ​ហើយ​បំពេញបន្ថែម​នូវ​អ្វី​ដែល​មិនទាន់​គ្រប់គ្រាន់​។ ​

​​ប្រធានគណបក្សប្រជាជន  ក៏​ធ្លាប់​បាន​បញ្ជាក់​ថា ​គណបក្សប្រជាជន​កម្ពុជា ​ជា​និម្មិត​រូប​នៃ​សន្តិភាព ​ហើយ​ថាបើ​បោះឆ្នោតឱ្យ​គណបក្សប្រជាជន​កម្ពុជា​នោះ ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​នេះ​នឹង​នៅតែ​កើតមាន​បន្ត​ទៅមុខ​ទៀត​។​ ​បន្ថែម​ពីនេះ​ លោក​​ក៏​​អំពាវនាវ​ឲ្យ​ថែរក្សា​សន្តិភាព ​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ ​ដើម្បីកុំឱ្យរងគ្រោះ ​ដូច​ប្រទេស​មួយចំនួន ​នៅ​មជ្ឈឹ​ម​បូព៌ា ​ក្នុង​នោះ​មាន​ប្រទេស​អ៊ីរ៉ាក់ ​ស៊ីរី ​លីប៊ី ​ជាដើម​។

សូមជម្រាប​ថា​ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​អាណត្តិ​ទី៤ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី០៤ ​ខែមិថុនា ​ឆ្នាំ២០១៧​​ខាង​​មុខ​នេះ​។ ​យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​ឲ្យដឹង​ថា ​មាន​គណបក្ស​ចំនួន១២ ​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បេក្ខភាព ​សរុប​ជាង ​៩ពាន់​នាក់ ​ខណៈ​ឃុំ​-​សង្កាត់​នៅ​ទូទាំង​ប្រទេស​​មាន​ចំនួន​សរុប ​១,៦៤៦ ​ឃុំ​-​សង្កាត់​៕

ចែករំលែក

បញ្ចេញយោបល់