លោក ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនឯង ការសម្រេចចិត្តខុសមួយថ្ងៃ ចង្រៃមួយជីវិត ដូចការសម្រេចចិត្តខុសនៅថ្ងៃទី១៨ មីនា ដែលជារដ្ឋប្រហារទម្លាក់សម្តេចសីហនុ គឺនាំវិសនាសកម្មមកឱ្យកម្ពុជា។ លោក បានថ្លែងដូចនេះ ក្នុងពេលដឹកនាំអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ធំសម្បើមជិត២០ម៉ឺននាក់ ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃបិទបញ្ចប់នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។
ប្រធានគណបក្សប្រជាជន លោក ហ៊ុន សែន បានប្រកាសថា យើងមិនដឹងគណបក្សណាមួយឈ្នះឆ្នោតនោះទេ ប៉ុន្តែយើងសង្ឃឹមថាគណបក្សប្រជាជននឹងឈ្នះឆ្នោត ហើយសូមឱ្យគណបក្សនយោបាយទាំងអស់ទទួលយកលទ្ធផលបោះឆ្នោតកុំឡាំប៉ាដូចកាលពីលើកមុន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងបន្តថែទាំបងប្អូនតទៅទៀត ប៉ុន្តែបងប្អូនក៏ត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ នេះជាការបំពេញឱ្យគ្នាទៅវិញទៅមក៕