សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រតិកម្មទៅនឹងការលើកឡើងដោយស្នើ និយោជក អនុញ្ញាតឱ្យកម្មករឈប់សម្រាកបន្ថែម អំឡុងពេលបោះឆ្នោត

ថ្ងៃសុក្រ ទី ២ មិថុនា ២០១៧​
674

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នៅថ្ងៃសុក្រនេះ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំង ទៅនឹងការលើកឡើងរបស់ អ្នកនយោបាយមួយចំនួន ដែលស្នើឱ្យថៅកែរោងចក្រអនុញ្ញាតឱ្យកម្មករ ឈប់សម្រាកបន្ថែម នៅអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ៤នេះ។

ប្រតិកម្មរបស់ សមាគមរោងចក្រកាត់ដេរកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានចុះផ្សាយនូវកិច្ចសម្ភាសន៍មួយ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការមិនមានគោលការណ៍តម្រូវឱ្យកម្មករ និយោជិត ឈប់សម្រាកនៅអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។

សេចក្តីបំភ្លឺរបស់ សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា សមាគមរោងចក្រកាត់ដេរកម្ពុជា សូមធ្វើការបំភ្លឺបន្ថែមថា សមាគមសម្តៅដល់ការអនុវត្តទោតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពោលគឺពុំមានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តណាមួយតម្រូវឱ្យកម្មករនិយោជិត បានឈប់សម្រាកបន្ថែម នៅអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងពេលខាងមុខនោះឡើយ ហើយថ្ងៃបោះឆ្នោតទៀតសោត គឺត្រូវនឹងថ្ងៃអាទិត្យ។

សមាគមរោងចក្រកាត់ដេរកម្ពុជា បានបន្ថែមទៀតថា ប៉ុន្តែការឈប់សម្រាកបន្ថែមណាមួយ ដែលមានការអនុញ្ញាតពីនយោជក សម្រាប់កម្មករនិយោជិត ដើម្បីបានធ្វើដំណើរទៅមកក្នុងអំឡុងពេលបោះឆ្នោត នៅថ្ងៃខាងមុខនេះ គឺអាចធ្វើឡើងតាមរយៈការដាក់លិខិតសុំឈប់សម្រាកដោយអនុលោមតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ដែលការអនុវត្តនេះ ក៏មិនខុសពីការអនុវត្តនៅក្នុងវិស័យឯកជននានាផ្សេងទៀតដែរ។ សូមបញ្ជាក់ថា កម្មករមានសិទ្ធិឈប់សម្រាកចំនួន១៨ថ្ងៃ ក្នុងមួយឆ្នាំ បន្ថែមលើការឈប់សម្រាកបុណ្យជាតិនានា ដែលចែងក្នុងប្រកាសរបស់ក្រសួងការងារ។

សូមបញ្ជាក់ថា នាថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្គាប់ឲ្យ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ធ្វើយ៉ាងណាសម្រួលពេលវេលា និងបង្កលក្ខណៈងាយស្រួល ឲ្យកម្មករនិយោជិត មានលទ្ធភាពទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រនូវសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលនាពេលនេះ។ លោកក៏បានគាំទ្រចំពោះការៀបចំដំណើរការចុះឈ្មោះបោះឆ្នោត របស់ គ.ជ.ប កាលពីឆ្នាំ ២០១៦ កន្លងទៅ ដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលជាប់រវល់ធ្វើការនៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន ឲ្យពួកគាត់អាចចុះ ឈ្មោះបោះឆ្នោតនៅជិតកន្លែងធ្វើការបាន ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ក្នុងការទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាន នៅជិតទីតាំងដែលពួកគាត់ធ្វើការ។ ម្យ៉ាងទៀត ប្រសិនបើពួកគាត់ធ្វើដំណើរទៅចុះបោះឆ្នោត និងបោះឆ្នោតនៅ ស្រុកកំណើតរបស់ពួកគាត់នោះ ពួកគាត់ក៏ត្រូវចំណាយថវិកា និងពេលវេលាច្រើនផងដែរ៕

ចែករំលែក

បញ្ចេញយោបល់