ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ លោក ថោង ខុន បានថ្លែងនៅក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ក្នុងវត្តពោធិ៍ ស្ថិតនៅឃុំទ្រៀល និងពិធីជួបជុំពុទ្ធបរិស័ទ្ធ និងព្រះសង្ឃនៅវត្តពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះថា ទោះបីគ្មានអាវុធក៏ដោយ សង្រ្គាមផ្តើមចេញពីការខុសឆ្គងខាងនយោបាយ ដោយមានបរទេសនៅពីក្រោយ។
លោក ថោង ខុន បានបញ្ជាក់ថា ចំពោះករណីដែលមានគណបក្សនយោបាយខ្លះថាខ្លួនគ្មានអាវុធគឺមិនអាចនាំទៅរកសង្គ្រាមបានទេនោះ គឺសង្គ្រាមផ្តើមចេញពីការខុសឆ្គងខាងនយោបាយ បើអ្នកនយោបាយ គ្មានទស្សនៈវប្បធម៌សន្ទនា គ្មានទស្សនៈនយោបាយបង្រួបបង្រួមជាតិ គ្មានមនសិការស្រឡាញ់ជាតិនិងស្រឡាញ់ប្រជាជនខ្លួនឯង លុះដោយខ្សែញាក់របស់បរទេស មានតែការញុះញង់បំភ្លៃការពិត ចង់តែបង្កើតចលនាបដិវត្តន៍ពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត នោះវានឹងនាំទៅដល់សង្គ្រាមផ្ទៃក្នុងមិនខាន ដូចឧទាហរណ៍នៅប្រទេសមួយចំនួនសព្វថ្ងៃ។
លោក ថោង ខុន ក៏បានបញ្ជាក់ថា អ្នកដែលចង់ធ្វើបដិវត្តន៍ពណ៌គេបានលក់ខ្លួនបម្រើឱ្យបរទេស ដែលមាននៅពីខាងក្រោយ រង់ចាំតែឱកាសមកដល់ដើម្បីបញ្ជូនអាវុធចូលប៉ុណ្ណោះ ពួកគេមិនខ្វល់នឹងទុក្ខវេទនារបស់ប្រជាជនយើងទេ។
នៅក្នុងឱកាសនោះ លោក ថោង ខុន ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យចងចាំថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចធានាបាននូវលទ្ធិប្រជាធិបតេយ្យ រក្សាស្ថិរភាពនយោបាយ សុខសន្តិភាពនិងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ និយាយរួមគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលជាអ្នកកំណត់នូវជោគវាសនារបស់ប្រទេសជាតិ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សូមកុំជឿពាក្សឃោសនា ដែលមានលក្ខណះញុះញង់ ប្រទូស្តរ៉ាយជាតិ បំបែកបំបាក់ជាតិពីសំណាក់មនុស្សអគតិ ឬ បក្សអគតិមួយចំនួន៕