លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ តើចង់ភ្លក់រសជាតិនៃសង្គ្រាម និងការព្រាត់ប្រាស់ទៀតឬទេ?

ថ្ងៃពុធ ទី ៣១ ឧសភា ២០១៧​
208

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅ ក្នុងទំព័រហ្វេសប៊ុករបស់លោក ដោយបានរៀបរាប់ពីជីវិតព្រាត់ប្រាស់ក្រុមគ្រួសារដែលកើតឡើងដោយសារសង្រ្គាម។

នៅក្នុងហ្វេសប៊ុករបស់លោក បានបញ្ជាក់យ៉ាងដូចនេះថា៖ បើទោះជាពេលនេះកំពុងដំណើរការឃោសនាបោះឆ្នោតក្តីតែយប់ម៉ិញនេះ ខ្ញុំទទួលបានរូបថតមួយសន្លឹកដែលថតកាលពី៣៨ឆ្នាំមុន។ រូបថតនេះបានផ្តល់លទ្ធភាពឱ្យខ្ញុំ​ធ្វើការរបៀបធៀបការរីកចម្រើនរបស់ប្រជាជននិងប្រទេសជាតិពីពេលលំបាក​បំផុតក្រោយការដួលរលំនៃរបប ប៉ុល ពត ជាមួយពេលបច្ចុប្បន្ននេះ។

សម្រាប់ខ្ញុំបន្ទាប់ពីការបែកគ្នាក្រោមដំណក់ទឹកភ្នែករាប់លានដំណក់នៃទុក្ខស្រីប្តីព្រាត់ ខ្ញុំបានជួបជាមួយភរិយា និងកូនខ្ញុំវិញដែលពេលនោះកូនមួយនេះបានហៅខ្ញុំថាពូ។ មើលចុះគេសុខចិត្តឱ្យបងស្រីជីដូនមួយគេពរនិងបញ្ចុកបាយជាជាងឱ្យខ្ញុំទៅជិតរូបគេនិងម្តាយគេ។ ពេលនេះហ៊ុន ម៉ាណែត កូនប្រុសខ្ញុំបានរីកចម្រើនជាមួយកុមារនិងយុវជនរាប់លាននាក់ផ្សេងទៀតក្រោម​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពជា។

តើចង់ភ្លក់រសជាតិនៃសង្គ្រាម និងការព្រាត់ប្រាស់ទៀតឬទេ?
នេះជាប្រធានបទសម្រាប់ការបោះឆ្នោតនាពេលខាងមុខដែលត្រូវជ្រើសរើស រវាងសង្គ្រាមនិងសន្តិភាព។ ខ្ញុំនៅតែអះអាងថា បើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌។ល។ ប្រភពនៃសង្គ្រាម និងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ៕

ចែករំលែក

បញ្ចេញយោបល់