លោក អ៊ិត សំហេង ៖ ពាណិជ្ជកម្ម សំខាន់ណាស់សម្រាប់កម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពពលរដ្ឋ

ថ្ងៃអង្គារ ទី ៣០ ឧសភា ២០១៧​
119

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងថា ពាណិជ្ជកម្មពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា កាន់តែប្រសើរឡើង។

លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអន្តរតំបន់ ស្តីពីជំនាញសម្រាប់ពាណិជ្ជកម្ម និងការទទួលបានការងារធ្វើ និងការរីកចម្រើនប្រកបដោយបរិយាប័ន្ន នាខេត្តសៀមរាប។

លោក អ៊ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា កំពុងឈានដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មីមួយទៀត ពីប្រទេសមានចំណូល​មធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្ដូរជារចនាសម្ព័ន្ធ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើ វិស័យឧស្សាហកម្ម។ ក្នុងក្របខណ្ឌនេះ កម្ពុជាបានខិតខំធានា​ឱ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ប្រកបដោយបរិយាប័ន្ន និងចីរភាព ដែល​ជាមូលដ្ឋាន​សម្រាប់​​ការបង្កើត​ការងារ និងឱកាសរកប្រាក់ចំណូលសមរម្យ ព្រមទាំង​ការ​បង្កើន​ល្បឿននៃការ​កាត់​បន្ថយ​ភាព​ក្រីក្រ និងលើក​តម្កើនជីវភាព​រស់នៅរបស់ប្រជាជន។

លោក ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥ -២០២៥ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូប ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និងផលិតភាពខ្ពស់ជូនពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។ គោលនយោបាយនេះ មានគោលបំណងក្រោមសរសរស្តម្ភចំនួន៣សំខាន់ៗ រួមមាន៖ ១៖ ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់  ២៖ ការជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង៣៖ ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដែល​មានភាព​​ស៊ីចង្វាក់គ្នា​ទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា​​ ឆ្នាំ២០១៥-២០២៥៕

 

ចែករំលែក

បញ្ចេញយោបល់