អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ ធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍឃុំ ហើយការសន្យាទម្លាក់ថវិកាគ្រាន់តែទ្រឹស្តី

ថ្ងៃអង្គារ ទី ៣០ ឧសភា ២០១៧​
90

អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ថា មន្ត្រីនៅតាមឃុំ-សង្កាត់មានចំណេះដឹងទាប ដែលមិនអាចអភិវឌ្ឍនៅតាមជនបទដោយខ្លួនឯងបានទេ ហើយចាំបាច់ត្រូវតែមានក្រសួងអភិវឌ្ឍន៍ជនបទ ទើបអាចធ្វើផ្លូវ ធ្វើប្រឡាយមេ ឬអភិវឌ្ឍពីឃុំមួយទៅឃុំមួយទៀតបាន។ ការលើកឡើងនេះ ជាការឆ្លើយតបទៅនឹងគណបក្សប្រឆាំងដែលមានគម្រោងចង់កាត់ក្រសួងអភិវឌ្ឍន៍ជនបទ ចោលនៅពេលគណបក្សនេះឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។

អនុប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថា គោលនយោបាយទម្លាក់ថវិកា ៥០ម៉ឺនដុល្លារអាមេរិករបស់គណបក្សសង្គ្រោះជាតិ ទៅតាមឃុំ-សង្កាត់នីមួយៗ គ្រាន់តែជាទ្រឹស្ដីតែប៉ុណ្ណោះ។ លោក សុខ ទូច ដែលមានងារជាបណ្ឌិតសភាចារ្យ យល់ថា មន្ត្រីថ្នាក់ឃុំ-សង្កាត់មិនមានចំណេះដឹងស្មើមន្ត្រីនៅក្រសួងអភិវឌ្ឍន៍ជនបទទេ ហើយបើទោះជាលុបក្រសួងអភិវឌ្ឍន៍ជនបទ មួយចោល ក៏មិនទាន់ឆ្លើយតបនឹងតម្រូវការថវិកាគ្រប់គ្រាន់សម្រាប់ទម្លាក់ឲ្យឃុំ-សង្កាត់ដូចគណបក្សសង្គ្រោះជាតិសន្យានោះដែរ។ បើតាមគោលនយោបាយគណបក្សប្រឆាំងនេះ ក្រុមបណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា បារម្ភពីការកាត់ប្រាក់ខែរបស់មន្ត្រីរាជការដើម្បីយកទៅដំឡើងថវិកានៅឃុំ-សង្កាត់ឲ្យបាន ៥០ម៉ឺនដុល្លារក្នុងមួយឃុំ-សង្កាត់។
លោក សុខ ទូច ថ្លែងថា៖ «ទៅលុបរបៀបម៉េច? បើឃុំ-សង្កាត់មានចំណេះដឹងតូចជាងអភិវឌ្ឍន៍ជនបទ ទៅទៀត! ហើយបើលុបចោល ឧទាហរណ៍មន្ត្រីរាជការនៅរាជបណ្ឌិត្យសភាកម្ពុជា គេរើសចាប់ពីថ្នាក់អនុបណ្ឌិត (Master) ឡើងទៅ នៅឃុំ-សង្កាត់មានដាក់ឯណា? ដែលឃើញអ្នកដែលកំពុងតែអង្គុយនេះសុទ្ធតែអនុបណ្ឌិត (Master) ឡើងទៅ សុទ្ធតែប្រឡងទៀត ប៉ុណ្ណឹងចង់ពិបាកផង ហើយទម្រាំផងថាយើងចង់លុបក្រសួងមួយ ដែលចំណេះដឹងខ្ពស់ ដែលគេរើសចាប់ពីបរិញ្ញាបត្រទៅ ហើយបើលុបទៅ ហើយសួរថា យ៉ាងម៉េច? ពីព្រោះក្រសួងមួយចំណាយ ៤០លាន ពី ៣៥ ទៅ ៤០លាន ក្រសួងអភិវឌ្ឍន៍ជនបទ»៕

ចែករំលែក

បញ្ចេញយោបល់