យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា អង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្រ្វែល បានកោតសរសើរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាបានរៀបចំដំណើរការបោះឆ្នោត រួមនិងដំណើរការដទៃទៀតបានល្អប្រសើរជាងអាណត្តិកន្លងទៅ។
ការកោតសរសើររបស់ខុមហ្រ្វែល ធ្វើឡើងក្នុងជំនួបរវាង លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ជាមួយ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល នៅទីស្តីការ គ.ជ.ប។
អង្គការខុមហ្រ្វែល ដែលជាអង្គការធ្វើការងារទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា បានកោតសរសើរ ដល់ គ.ជ.ប លើការងារមួយចំនួនដូចជា៖ ១- ការបើកទូលាយដល់ភាគីពាក់ព័ន្ធបោះឆ្នោតទាំងអស់ ដែលបានបើកទូលាយ ហើយសង្គមស៊ីវិល មើលឃើញថា មានតម្លាភាពល្អប្រសើរ។ ២- គុណភាពបញ្ជីបោះឆ្នោត ដែលរៀបចំឡើងដោយ គ.ជ.ប មានលក្ខណៈល្អប្រសើរ ៣- ការចេញវិធានការ ៥ចំណុចទប់ស្កាត់ មិនឲ្យបោះឆ្នោតលើសពី១ដង ជាវិធានការល្អបំផុត ៤- ការសម្រេចឲ្យមានទម្រង់១១០២ និង១១០៥ ដាក់លើវេបសាយ ជាការបង្ហាញពីតម្លាភាព ៥- ការចេញសេចក្តីណែនាំទៅដល់អ្នកគ្រប់គ្រងផ្សារ ដែលអនុញ្ញាតឲ្យមានការចូលចែកប័ណ្ណនៅក្នុងផ្សារ ពេលឃោសនាបោះឆ្នោត ជាការប្រសើរដែលទប់ស្កាត់បញ្ហាទំនាស់បាន។
អង្គការខុមហ្រ្វែល ក៏បានស្នើឲ្យ គ.ជ.ប ដាក់ចេញវិធានការមួយចំនួនផងដែរ។ ក្រោយការស្តាប់ពីការស្នើសុំរួច ប្រធាន គ.ជ.ប បានបញ្ជាក់ថា រាល់ការស្នើសុំរបស់អង្គការសង្គមស៊ីវិល ជាអនុសាសន៍ទាក់ទងច្បាប់បោះឆ្នោត និងបច្ចេកទេស ដូចនេះ គ.ជ.ប នឹងដាក់បញ្ចូលក្នុងរបៀបវារៈ ប្រជុំរបស់ គ.ជ.ប ដើម្បីពិនិត្យមើលថា តើត្រូវធ្វើបែបណា ហើយ គ.ជ.ប នឹងធ្វើការឆ្លើយតបវិញនៅពេលក្រោយ៕