នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា «បានតំណែងតែមិនចេះបម្រើរាស្ត្រពិត» ដែលមានខ្លឹមសារដូចខាងក្រោម៖
នៅអំឡុងពេលឃោសនាបោះឆ្នោតម្តងៗ បក្សប្រឆាំងបានស្រែកឡូងៗថាមេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ខណ្ឌ ខេត្ត រួមនិងតំណាងរាស្ត្រ របស់ខ្លួននឹងបម្រើរាស្ត្រឱ្យអស់ពីចិត្ត។ តែជាក់ស្តែង សមាជិករបស់ខ្លួនភាគច្រើនលើសលុបដែលជាប់ឆ្នោត និងទទួលអាណត្តិទុកចិត្តពីម្ចាស់ឆ្នោតមិនបានបំពេញតួនាទីឱ្យបានល្អឡើយ សមាជិកនៅថ្នាក់ក្រោមជាតិភាគច្រើនមិនសូវមានសមត្ថភាពដាក់ការងារទទួលខុសត្រូវធ្វើមិនកើត និងអវត្តមានច្រើនពីកន្លែងការងារ។ សមាជិកបក្សនេះខ្លះ គ្រាន់តែហារមាត់និយាយ ធំល្មុតទុំទាំងព្រឹក។ សមាជិកខ្លះបានត្រឹមតែនិយាយ ប៉ុន្តែសកម្មភាពគ្មាន។ ប្រធាន ឬសមាជិកក្រុមប្រឹក្សាស្រុកខ្លះ បានតំណែងហើយ មិនខ្ចីធ្វើអ្វីឡើយ សុខទុក្ខរាស្ត្រមិនខ្វល់ ការងារអភិវឌ្ឍមូលដ្ឋានក៏មិនបានចូលរួម ប៉ុន្តែពួកគេរង់ចាំឱកាសនៃការបោះឆ្នោតមកដល់ស្រែកក្តែងៗដូរដូរ និងសន្យាធ្វើនេះធ្វើនោះដើម្បីបន្តបោកចិត្តប្រជាពលរដ្ឋតាមខ្សែញាក់មេបក្សរបស់ខ្លួន។ តើឱ្យរាស្ត្រទុកចិត្តម្តេចបាន?
ជាការពិត សកម្មជនបក្សប្រឆាំងមួយចំនួនដែលជាប់ឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាឃុំស្រុក ខេត្ត ឬជាមេឃុំចៅសង្កាត់ បានបម្រើការងារល្អដល់ឃុំ សង្កាត់ខ្លួន ប៉ុន្តែធាតុនៃអ្នកបម្រើការងារពិតនេះមិនអាចបន្តនៅជាមួយធាតុបក្សប្រឆាំងដែលពោរពេញដោយការសន្យាបោកប្រាស់ សន្យាលើស និងភូតភររាស្ត្រ ឡើយ។ ពួកគាត់មិនអាចបន្តដើរផ្សព្វផ្សាយសារភូតកុហកទៀតឡើយ ហើយពួកគាត់ក៏មិនអាចនឹងប្រឈមមុខគ្រប់ពេលវេលានៃការទន្ទឹងរង់ចាំការសន្យារបស់បក្សខ្លួនចំពោះប្រជាជនក្នុងឃុំសង្កាត់គាត់ឡើយ។ ពួកគាត់មានអារម្មណ៍ខ្មាស់ខ្លួនឯង និងខ្មាស់ប្រជាជនដែលសន្យាហើយតែមិនអាចធ្វើបាន។ ប៉ុន្តែធ្វើម៉េចបើបន្ទាត់នយោបាយបក្សដូច្នេះ បើមិនអនុវត្តតាម នឹងត្រូវប្រឈមមុខនឹងការដកចេញពីតួនាទី។
ពួកគាត់ត្រូវបានបក្សតម្រូវឱ្យបង់ប្រាក់ជាប្រចាំ ត្រូវដើរ រកសមាជិកបក្សបន្ថែម និងត្រូវធ្វើការងារបម្រើបក្ស បើពុំនោះទេ ពួកគាត់នៅមិនសុខឡើយ។ កន្លងទៅនេះ ដោយសារតែមេឃុំខ្លះដែលមិនដើរតាមបន្ទាត់នយោបាយរបស់ខ្លួន ឬមានការសហការល្អជាមួយគណបក្សប្រជាជនកម្ពុជា បក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស ដែលឥឡូវច្របាច់បញ្ចូលគ្នាក្រោមការគ្រប់គ្រងរបស់មេបក្ស ២ ថ្ងៃ ១០ ដង កឹម សុខា។ តើនេះឬជាអ្នកស្នេហាជាតិពិតនោះ?
ដោយសារតែសារធាតុមិនត្រូវគ្នារវាងអ្នកពូកែភូតកុហក និងអ្នកបម្រើរាស្ត្រពិតនេះហើយបានជាសមាជិក សមាជិកា និងអ្នកគាំទ្របក្សក្នុងនោះមានទាំងតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងមេឃុំចៅចង្កាត់ជាច្រើនរយពាន់នាក់បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែងលោក យិន សូផា មេឃុំដារ ស្រុកមេមត់ លោក សុខ សម្បត្តិ ចៅសង្កាត់គីឡូម៉ែត្រលេខ៦ និងសកម្មជនជាច្រើនទៀតមានទាំងពីមេឃុំ មេភូមិក្នុងតំណែង បេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ស្ទើរគ្រប់ខេត្តរាជធានីបានចាកចេញ និងមកចូលរួមជាមួយបក្សប្រជាជនដែលពួកគាត់ជឿជាក់ និងជាអ្នកជួយសង្គ្រោះគាត់ និងសង្គ្រោះជាតិពិតៗចេញពីសោកនាដកម្មខ្មែរក្រហម ចេញពីភាពក្រីក្រ សង្គ្រោះពួកគាត់ចេញពីភាពអវិជ្ជា ទុរ្ភិក្ស អសន្តិសុខ និងចេញពីសង្គ្រាម។
ការចាកចេញដោយសារតែពួកគាត់មិនអាចបន្តនយោបាយភូតកុហក បោកប្រាស់រាស្ត្រ និង ពុករលួយ កិបកេងលុយមូលនិធិ ដឹកនាំបែបផ្តាច់ការបុគ្គលនិយមជាដើម។ អ្នកដែលចាកចេញទាំងនេះគឺជាអ្នកបម្រើពិត អ្នកស្រឡាញ់ជាតិពិត និងបានមកចូលរួមក្នុងនគរទេវតាដែលបានជួយជាតិពិត និងរួមគ្នាជ្រោងទង់សន្តិភាព និងការអភិវឌ្ឍដែលមាន និងគួរឱ្យស្តាយដែលបក្សប្រឆាំងត្រូវបានផ្តល់អាណត្តិឱ្យគ្រប់គ្រងឃុំសង្កាត់ ស្រុកមួយចំនួនជាបទពិសោធន៍ តែខ្លួនបានបរាជ័យ ខ្ជះខ្ជាយ និងមាក់ងាយសន្លឹកឆ្នោតរាស្ត្រ។ បោះឆ្នោតឱ្យបម្រើរាស្ត្រ តែមិនចូលសភា មិនបំពេញការងារឱ្យត្រឹមត្រូវជាសមាជិកឃុំសង្កាត់។
ដូច្នេះគ្មាននរណាម្នាក់អាចជំនួសបក្សប្រជាជនមម្ពុជាបានឡើយ ហើយមានតែបក្សប្រជាជនកម្ពុជាតែមួយគត់ដែលជួយរាស្ត្រពិត និងការពារជាតិពិតប្រាកដ៕
ដោយ៖ ចៅ ចាក់ស្មុក