មន្ត្រី​​គយ ២២រូប ទទួល​ការប​ណ្តុះ​បណ្តាល ស្តីពី​ការ​អភិវឌ្ឍ​ភា​ព​ជាអ្នក​ដឹ​កនាំ​​

ថ្ងៃអង្គារ ទី ៣០ ឧសភា ២០១៧​
104

មន្ត្រីគយ និងរដ្ឋាករដែលជាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ២២រូប ទទួលការបណ្តុះបណ្តាលសមត្ថភាព ស្តីពីការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងបង្រៀនដោយលោក Rob Janson អ្នកជំនាញការគ្រប់គ្រងកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង និងកញ្ញា Valentyna Golubenko អ្នកជំនាញការផ្នែក កសាងសមត្ថភាព នៃអង្គការគយពិភពលោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា សិក្ខាសាលានេះ មានរយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើង ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោក និងមានគោលបំណងសំខាន់ដើម្បីបង្កើនចំណេះដឹងជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំដល់មន្ត្រីជាថ្នាក់ដឹកនាំគយ ដើម្បីអាចចូលរួមចំណែកអភិវឌ្ឍស្ថាប័នគយ ប្រកបដោយប្រសិទ្ធភាព។
លោកបានគូសបញ្ជាក់ពីសារសំខាន់នៃសិក្ខាសាលានេះ ក្នុងរដ្ឋបាលគយដោយមិនត្រឹមតែបង្កើនសមត្ថភាពដឹកនាំគ្រប់គ្រង ដល់សិក្ខាកាមនីមួយៗ ដែលជាថ្នាក់ដឹកនាំរបស់អង្គភាពទេ ប៉ុន្តែតាមរយៈសិក្ខាកាមដែលទទួលបានវគ្គសិក្សានេះ នឹងអាចផ្តល់នូវឥទ្ធិពលជាវិជ្ជមានដល់អង្គភាពទាំងមូល ក្នុងការចូលរួមចំណែកក្នុងការជំរុញប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មស្ថាប័នគយឲ្យសម្រេចបាននូវទស្សនវិស័យ និងបេសកកម្មរបស់ស្ថាប័ន ក្នុងការក្លាយជារដ្ឋបាលគយទំនើប ដែលស្របតាមបទដ្ឋាន និងការអនុវត្តល្អជាអន្តរជាតិ។
សូមជម្រាបថា ប្រធានបទដែលលើកយកមកបង្ហាត់បង្រៀន ដល់សិក្ខាកាមក្នុងសិក្ខាសាលានេះ មានរួមបញ្ចូលរវាងទ្រឹស្តីនៃភាពជា អ្នកដឹកនាំ នៃការគ្រប់គ្រងទំនើប និងការអនុវត្តផ្ទាល់ដើម្បីទទួលបាន៖
១-ការបង្កើនជំនាញគ្រប់គ្រងពាក់ព័ន្ធនឹងរដ្ឋបាលគយ៖ រដ្ឋបាលគយទំនើប ទស្សនវិស័យ ការចរចា ការគ្រប់គ្រងធនធានមនុស្ស ការទំនាក់ទំនង ការគ្រប់គ្រងការផ្លាស់ប្តូរ សុច្ចរិតភាពជាដើម។
២-ការបង្កើនសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការកែទម្រង់រដ្ឋបាលគយតាមរយៈភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព។
៣-ការយល់ដឹងបន្ថែមទៀតស្តីពីតួនាទីរបស់អ្នកដឹកនាំក្នុងរដ្ឋបាលគយដើម្បីការអភិវឌ្ឍស្ថាប័នប្រកបដោយចីរភាព។
៤- ការបង្កើនការយល់ដឹងស្តីពីវិធីសាស្រ្តដើម្បីក្លាយជាអ្នកដឹកនាំនិងគ្រប់គ្រង៕

 

ចែករំលែក

បញ្ចេញយោបល់