អាមេរិក​សរសើរភាព​ក្លាហានរ​បស់កងទ័ព​មួកខៀវ​កម្ពុជា ក្នុងឱកាស​ទិវាអន្តរជាតិ​នៃអ្នក​ថែរក្សា​សន្តិភាព​របស់​អង្គកា​រសហប្រជា​ជាតិ

ថ្ងៃអង្គារ ទី ៣០ ឧសភា ២០១៧​
91

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា បានកោតសរសើរចំពោះភាពក្លាហានរបស់កងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មស្វែងរកសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិក បានបញ្ជាក់ថា ទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយនៅក្នុងឱកាសនេះ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញបានអបអរសាទរចំពោះទឹកចិត្តមោះមុត និងភាពក្លាហានរបស់អ្នកថែរក្សាសន្តិភាពកម្ពុជា ដែលកំពុងធ្វើការដើម្បីធ្វើឱ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលដាច់ដោចដោយសារសង្គ្រាម។
សូមរំលឹកផងដែរថា តាំងពីឆ្នាំ ២០០៥ មក កងយោធពលខេមរភូមិន្ទបានបញ្ជូនទាហានចំនួនជាង ៣០០០ នាក់ ឱ្យធ្វើជាអ្នកថែរក្សាសន្តិភាព នៅតាមតំបន់ ដូចជានៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី និងប្រទេសលីបង់។ បេសកកម្មថែរក្សាសន្តិភាពពិតជាប្រឈមនឹងគ្រោះថ្នាក់ ដូចយើងដឹងហើយក្នុងខែនេះ ទាហានកម្ពុជាចំនួន ៤នាក់ត្រូវបានសម្លាប់ ក្នុងពេលគេធ្វើការដើម្បីធ្វើឱ្យជីវិតមានភាពល្អឡើង នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ យើងមិនភ្លេចពលីកម្មរបស់គេទេ។
សហរដ្ឋអាមេរិកគាំទ្រប្រតិបត្តិការថែរក្សាសន្តិភាពរបស់ប្រទេសកម្ពុជា តាមរយៈការហ្វឹកហ្វឺន។ ទាហានមកពីឆ្មាំជាតិក្នុងរដ្ឋIdaho បានធ្វើដំណើរក្នុងពេលថ្មីៗនេះមកខេត្តកំពង់ឆ្នាំង ដើម្បីបង្រៀនជំនាញជាមូលដ្ឋានផ្នែកពេទ្យ និងបច្ចេកទេសក្នុងការឆែកឆេរថយន្ត។
ស្ថានទូតសហរដ្ឋអាមេរិក ក៏បានជូនពរដល់អ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលមកពីប្រទេសកម្ពុជា និងមកពីជុំវិញពិភពលោកក្នុងពេលដែលគេបំពេញការងារដ៏សំខាន់ និងការងារសង្គ្រោះជីវិតរបស់គេ៕

 

 

បញ្ចេញយោបល់