អតីតតំណាងរាស្ត្រ CNRP ប្រាប់ពីមូលហេតុដែលអ្នកគាំទ្រសង្គ្រោះជាតិ តែងតែចាកចេញពីបក្សនេះ

ថ្ងៃចន្ទ ទី ២៩ ឧសភា ២០១៧​
126

កំពត៖ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក វ៉ាន សំអឿន បានថ្លែងប្រាប់ប្រជាពលរដ្ឋទូទៅ និងបក្ខជនក្រុមប្រឹក្សាឃុំបក្សសង្រ្គោះជាតិថា មូលហេតុដែលរូបលោកបានលាឈប់ ពីអ្នកតំណាងរាស្រ្តបក្សសង្គ្រោះជាតិនោះ ដោយសារតែលោកអស់ជំនឿនឹងថ្នាក់ដឹកនាំបក្សមួយនេះ ហើយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពុំមានសមត្ថភាពដឹកនាំប្រទេសជាតិទេ គេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

ថ្លែងយ៉ាងដូច្នេះធ្វើឡើង ខណៈដែល លោក វ៉ាន សំអឿន បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំក្រុមការងារ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនិយម ដែលធ្លាប់ជឿជាក់លើគណបក្សប្រឆាំងហើយពួកគាត់ ស្ម័គ្រចិត្តបោះឆ្នោតឱ្យគណបក្សប្រជាជន សរុបប្រមាណជាង១០០គ្រួសារ នៅឃុំដងទង់ ស្រុកដងទង់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
លោក វ៉ាន សំអឿន បានលើកឡើងថា បក្សសង្រ្គោះជាតិបានសន្យាជាមួយប្រជាជនច្រើនណាស់ ប៉ុន្តែពុំដែលបានធ្វើឡើយបក្សនយោបាយខ្លះបាន សន្យាបោកប្រាស់ប្រជាជនថា បើឈ្នះឆ្នោតគេនឹងលុបបំណុលដែលប្រជាពលរដ្ឋ កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពេលបងប្អូនខ្ចីពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺតម្រូវឱ្យបងប្អូនយកប្លង់ដី ឬប្លង់ផ្ទះទៅតំកល់ ហើយបើសិនជាគេលុបបំណុលមែន ប្លង់ផ្ទះ ឬប្លង់ដី ដែលមានតម្លៃលើសប្រាក់កម្ចីនឹងត្រូវបាត់បង់។

ទីប្រឹក្សាលោកនាយករដ្ឋមន្រ្ដីបានបញ្ជាក់ដែលថា នៅឃុំដងទង់ គណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី១ ហើយមានរូបទេវតាបាចផ្កាជាសញ្ញា និងអំពាវឱ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីរក្សាបាននូវ សន្តិភាព ស្ថេរភាព សេរីភាព និងការអភិវឌ្ឍ ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកថា មានតែលោកនាយករដ្ឋមន្រ្ដីទេ ដែលគិតពីផលប្រយោជន៍ជាតិហ៊ានប្តូរជីវិតដើម្បី ស្វែងរក សន្តិភាពជូនប្រជាជនកម្ពុជាឱ្យរស់នៅសុខសាន្ត មិនភ័យខ្លាច ឬរងទុក្ខដូចសម័យសង្រ្គាម កាលពីអតីតកាលឡើយ៕

ចែករំលែក

បញ្ចេញយោបល់