លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បន្ដចុះជួបសមាជិក CPP ជាង៣០០០នាក់ នៅខេត្តបន្ទាយមានជ័យ និងអំពាវនាវឱ្យរួមសាមគ្គីគ្នា កុំជឿជនអគតិមួយចំនួននាំឱ្យបែកបាក់ជាតិ

ថ្ងៃចន្ទ ទី ២៩ ឧសភា ២០១៧​
88

បន្ទាយមានជ័យ៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បន្តជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកា នៃមហាគ្រួសារគណបក្សប្រជាជន ជាង៣០០០នាក់ មកពីឃុំសូភី ឃុំសឹង្ហ ឃុំចង្ហារ ក្នុងស្រុកអូរជ្រៅ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហេង សំរិន លោក ស ខេង លោក សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ទោះនៅទីណាក៏ដោយ។

យ៉ាងណាមិញ លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ យុវជន និងនិស្សិត នៅខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ទំនុកចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ ទាំងការបោះឆ្នោតជាតិ និងបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាពិសេសបានចូលរួមថែរក្សាសន្តិសុខ សណ្តាប់សាធារណ: និងសមិទ្ធិផលនានា ដែលកើតពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែមួយគត់ គ្មានបាតដៃគណបក្សប្រឆាំងទេ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជនយើងទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជន គឺស្មើនឹងបោះឆ្នោតឱ្យខ្លួនយើង ជឿជាក់លើខ្លួនយើង និងបានចូលរួមជាមួយប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ដែលបានឃើញច្បាស់អំពីការឯកភាពជាតិ សន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រួមមានសាលារៀន មកនៅកាន់តែជិតផ្ទះ វត្តអារាម ផ្លូវថ្នល់ ស្ពានតូចធំខ្វាត់ខ្វែង កាន់តែល្អប្រសើរ និងងាយស្រួល ក្នុងការធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយទៀត ប្រកបដោយផាសុខភាព សុវត្ថិភាពមិនមានការព្រួយបារម្ភ ជាពិសេសគឺបានសម្រួលដល់ការ ប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋឱ្យមានជីវភាពរស់នៅ កាន់តែប្រសើរឡើង»។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំង ខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង កុំជឿលើពួកអគតិគណបក្សផ្សេង មកឃោសនាបោកប្រាស់នាំឱ្យមានភាពចលាចល អសន្តិសុខ ទន្ទឹមនឹងនេះ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោតអញ្ជើញ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដើម្បីរួមដំណើរជាមួយគ្នាឆ្ពោះទៅធ្វើការអភិវឌ្ឍន៍មូលដ្ឋាន ឃុំ-សង្កាត់បន្តកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធ ទឹក ភ្លើង ប្រពន្ធ័ធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធសង្គមថែមទៀត៕

ចែករំលែក

បញ្ចេញយោបល់