នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ លោក ម៉ៅ ភិរុណ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ១០០០ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១០០០ ម៉ែត្រ បន្ថែមទៀត (ផ្លូវដូនស ឬផ្លូវសម្តេចជាសុីម) ឆ្លងកាត់ឃុំគគីរ និងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមួយនឹងវត្តមានពីសំណាក់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបចំនួន ៩០០ នាក់។
គួរបញ្ជាក់ថា ផ្លូវដូនស ឬផ្លូវសម្តេចជាសុីម មានប្រវែង ៦៥០០ ម៉ែត្រ ចាប់ផ្តើមពីផ្លូវ ១១០ ក្នុងឃុំឈើទាល ទៅដល់ផ្លូវជាតិលេខ១ ក្បែរផ្សារគគីរ ក្នុងឃុំគគីរ។
នៅក្នុងឱកាសនោះ លោក ម៉ៅ ភិរុណ បានបញ្ជាក់ថា វត្តមានរបស់លោកក្នុងពិធីសម្ពោធនិងបើកការដ្ឋាន នៅថ្ងៃនេះ គឺឆ្លើយតបទៅនឹងសំណូមពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងវេទិកាក្រុមប្រឹក្សាខេត្តជាមួយប្រជាពលរដ្ឋ។ ដូចនេះ រដ្ឋបាលខេត្តបានផ្តល់ជូន ១០០០ ម៉ែត្រ (៦០០ ម៉ែត្រ ក្នុងឃុំគគីរ និង ៤០០ មែត្រ) ព្រមទាំងប្រកាសបើកការដ្ឋានសាងសង់បន្ថែម ១០០០ ម៉ែត្រ (៥០០ ម៉ែត្រ ក្នុងឃុំគគីរ និង ៥០០ ម៉ែត្រ ក្នុងឃុំឈើទាល)។ ជាមួយគ្នានេះផងដែរ លោកបានបញ្ជាក់ថានៅឆ្នាំ ២០១៨ រដ្ឋបាលនឹងផ្តល់ជូន ១០០០ ម៉ែត្រ សម្រាប់ឃុំគគីរ និង ១០០០ ម៉ែត្រ សម្រាប់ឃុំឈើទាល នៅលើផ្លូវនេះជាបន្តទៀត។
បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋអំពី គោលបំណង សារ:សំខាន់ នីតិវិធី និងបែបបទ នៃការបោះឆ្នោតឃុំនៅកម្ពុជា ដែលពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បង្ខិតសេវាសាធារណ: និងសេវារដ្ឋបាលមកជិតប្រជាពលរដ្ឋ ដើម្បីឱ្យមូលដ្ឋានយើងមានការអភិវឌ្ឍ រីកចម្រើនទៅមុខទៀត ដូចនេះបងប្អូនត្រូវចេះបោះឆ្នោត និងយល់ដឹងអំពីការបោះឆ្នោត។
ក្នុងពិធីនោះផងដែរ លោកក៏បានអំពាវនាវដូចជា៖
+ប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងសុីសងគ្រប់ភេទ ពិសេសល្បែងកន្ទុយលេខ ព្រោះល្បែងសុីសងតែងតែបង្កើតនូវអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបទល្មើសផ្សេងៗនៅតាមមូលដ្ឋានរបស់យើង
+ត្រូវរួមគ្នាទប់ស្កាត់គ្រឿងញៀននៅមូលដ្ឋានរបស់យើង ពិសេសខិតខំអប់រំកូនចៅរបស់យើងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាការទប់ស្កាត់បទល្មើសនានានៅមូលដ្ឋានគឺតម្រូវឱ្យមានការចូលរួមពីគ្រប់ៗគ្នា ទាំងអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ផងដែរ។
+ក្រុមហ៊ុន ដែលជាអ្នកទទួលរ៉ាប់រងសាងសង់ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានានូវគុណភាព និងសុវត្ថិភាព ហើយអនុវត្តឲ្យបានាន់ពេលវេលា ។
+សំណូមពរដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ហើយសូមបងប្អូនបោះឆ្នោតដើម្បីថែរក្សាសន្តិភាព ការពង្រឹងប្រជាធិបតេយ្យ និងបន្តការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់យើងឱ្យបានរីកចម្រើនខ្លាំងក្លាជាងនេះបន្ថែមទៀត៕