សកម្មជនគណបក្សសង្គ្រោះជាតិ៤៦៦នាក់ហើយ បានមករួមរស់​ជាមួយ​គណបក្សប្រជាជនកម្ពុជា!

ថ្ងៃអាទិត្យ ទី ២៨ ឧសភា ២០១៧​
98

សកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់បានមកចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលរហូតមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ មានចំនួន៤៦៦នាក់ហើយ។

ជាក់ស្តែង នៅថ្ងៃនេះសកម្មជនបក្សសង្គ្រោះជាតិ២១ នាក់បន្ថែម​ទៀត ត្រូវបានធ្វើពិធីទទួល បញ្ចូលជាសមាជិក ពេញសិទ្ធិ​របស់​គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការបក្សឃុំកុមាររាជា ក្រោមអ​ធិប​តី​ភាព​​លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន ​ឃុំកុមាររាជា នៃស្រុកបាទី ខេត្តតាកែវ និងមានការចូលរួមដោយ​ក្រុមការងារ ក្រុមប្រឹក្សាឃុំកុមាររាជា និងយុវជនជាច្រើនរូប។

លោក ស្វាយ ស៊ីថា ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តតាកែវ ជាពិសេស ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា បានអបអរសាទរ និងស្វាគមន៍យ៉ាង​កក់ក្តៅ​បំផុតចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលស្ម័គ្រចិត្ត​មករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកាយវិការនេះ គឺជាការសម្រេចចិត្ត ដោយឆន្ទៈ និងជាការទទួល​ស្គាល់​​នូវការពិតចំពោះស្នាដៃ និងសមិទ្ធផលជាច្រើនដែលជានិច្ចកាល គណបក្សប្រជាជនកម្ពុជា នៅរួមរស់ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។ ម្យ៉ាងវិញទៀត ការមករួមរស់ជាមួយនេះ ក៏ជាការផ្តល់នូវយុត្តិធម៌ចំពោះគណបក្សប្រជាជនកម្ពុជាផងដែរ ដែលបានរំដោះប្រជាពលរដ្ឋចេញពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត បន្តស្តារ កសាង និងអភិវឌ្ឍប្រទេសរហូតទទួលបាន​នូវការរីកចំរើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ននេះ។

លោក ស្វាយ ស៊ីថា បានបន្ថែមថាការដែលបងប្អូនមក​​រួមរស់ជា​មួយគណបក្សប្រជាជនកម្ពុជាក៏ជាការលើកទឹក ចិត្ត ដល់ក្រុម​ការងារ និងក្រុមប្រឹក្សាឃុំបន្តខិតខំអភិវឌ្ឍភូមិឃុំ​ឲ្យកាន់តែរីកចំរើនថែមទៀត ដោយលោក បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទាំងគ្រាលំបាក រហូតមកដល់ភាពសប្បាយ រីករាយដូចសព្វថ្ងៃ នឹងបន្តកសាង អភិវឌ្ឍ ក៏ដូចជាការផ្តល់សេវាសាធារណៈ​បំរើប្រជាពលរដ្ឋ​ឲ្យកាន់តែបាន​ល្អប្រសើរ ។

ជាការផ្តាំផ្ញើ លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តចុះជួយកសាង អភិវឌ្ឍ និងដោះ
ស្រាយបញ្ហានានាជូនប្រជាពលរដ្ឋជារៀងរហូតដូចភ្លៀងរលឹម គឺបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ជានិច្ច។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឲ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា បន្តថែរក្សាធ្លុងសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងបក្សឲ្យបានល្អប្រសើរ និងបញ្ចប់នូវការថ្នាំងថ្នាក់គ្នាផ្ទុយទៅវិញរួម កម្លាំងគ្នា កសាង អភិវឌ្ឍភូមិឃុំឲ្យបានសម្បូរ សប្បាយថែមទៀត និងសូមទៅបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ខាងមុខកុំបីខាន៕

អត្ថបទ៖ ក្រុមការងារឃុំកុមាររាជា

ចែករំលែក

បញ្ចេញយោបល់