នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមកពី៣ភូមិ គឺភូមិស្តុកឃ្លោក ភូមិតាណៃ និងភូមិស្រះរុន ក្នុងឃុំអូរតាប៉ោងបរិវេណវត្តស្តុកឃ្លោក ស្ថិតក្នុងភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា លោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ មន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ ក្រុមការងារ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងពិធីនោះ លោកអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ពលរដ្ឋអាហ្វ្រិកកណ្តាល សព្វថ្ងៃប្រាថ្នាចង់បានសុខសន្តិភាព ប៉ុន្តែនៅតែមិនអាចរកទិញបាន បើទោះបីជាមានទ្រព្យសម្បត្តិ។ មាសពេជ្រទាំងឡាយលែងមានអ្វីសំខាន់សម្រាប់ពលរដ្ឋអាហ្វ្រិក កណ្តាលទៀតហើយរៀងរាល់ថ្ងៃគ្រប់ៗ គ្នាប្រាថ្នាចង់បានតែម្យ៉ាង គឺសុខសន្តិភាព ប៉ុន្តែនៅតែមិនអាចរកទិញបាន បើទោះបីជាមានអន្តរាគមន៍ ពីអង្គការសហប្រជាជាតិ (UN) យ៉ាងណាក្តី។
លោកមានមិត្តភក្តិ ជាមេបញ្ជាការកងទ័ពមួកខៀវកម្ពុជា ប្រចាំការនៅទីនោះគឺថា អាហ្វ្រិកកណ្តាលមិនមែនជាប្រទេសក្រីក្រទេ ពោលគឺជាប្រទេសដែលសម្បូរទៅដោយ រ៉ែពេជ្រ ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារពិភពលោក ប៉ុន្តែផ្ទុយទៅវិញប្រទេសនោះគឺគ្មានសន្តិសុខនោះទេ។
លោក ម៉ៅ ធនិន បានថ្លែងថា ខេត្តពោធិ៍សាត់យើងសព្វថ្ងៃទទួលបានសមិទ្ធផលធំៗជាច្រើនដូចជា ទំនប់ទី៣ និងទី៥ នៅស្រុកភ្នំក្រវ៉ាញ ទទួលបានទំនប់ទឹក និងប្រឡាយទឹកជាង៧០ខ្សែ ផ្លូវលំជនបទក្រាលកៅស៊ូ១០ខ្សែ ប្រវែង១២៥,៥គីឡូម៉ែត្រ ដែលក្នុងនោះមានឃុំអូរតាប៉ោង ហើយលើសពីនេះទៅទៀតនោះ គឺផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នេះដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកអភិបាលខេត្ត បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងការលើកលែង លើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់អ្នកជាប់សាច់ញាតិបង្កើត និងតម្លៃសេវាផ្សេងទៀត ដែលទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋ។ លោកបានសុំឲ្យប្រជាពលរដ្ឋក្នុងឃុំអូរតាប៉ោងទាំងមូល ទទួលរូបលោកជាសមាជិកថ្មីម្នាក់ទៀត ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី ដើម្បីរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងរួមគ្នាដោះស្រាយ ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតឡើង។
លោក ម៉ៅ ធនិន រួមជាមួយក្រុមការងារ បានបន្តចុះពិនិត្យ និងផ្តល់មតិយោបល់ លើការសាងសង់ទំនប់បង្ហៀរច្រប់ ជូនប្រជាពលរដ្ឋឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោងឲ្យបានប្រើប្រាស់ ដែលទំនប់បង្ហៀរនេះបានទឹកមកពីទំនប់ដំណាក់អំពិល តាមរយៈប្រឡាយ មេមួយចំនួន និងបន្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលកៅស៊ូ១ខ្សែ ប្រវែង៨៦០០ម៉ែត្រ តភ្ជាប់ពីឃុំអូរតាប៉ោង ទៅឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ និងបានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយក្រុមគ្រួសារគ្រូបង្រៀង ទូទាំងឃុំអូរតាប៉ោង ជាលើកទី២ ជាង១០០នាក់ នៅវិទ្យាល័យអូរតាប៉ោងផងដែរ៕