លោក ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកបក្ស និងបេក្ខជន​ក្រុមប្រឹក្សា​ឃុំជាង​៣០០នាក់​ នៅទីស្នាក់​ការគណបក្ស​ប្រជាជនកម្ពុជា​ ស្រុក​ កញ្រ្ជៀច​

ថ្ងៃសុក្រ ទី ២៦ ឧសភា ២០១៧​
99

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកបក្ស និងបេក្ខជនក្រុមប្រឹក្សាឃុំជាង៣០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្រ្ជៀច។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។

លោក ស ខេង បានប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ឲ្យត្រៀមឯកសារគ្រប់គ្រាន់ តាមការកំណត់របស់ គ.ជ.ប ដើម្បីចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីបន្តដំណើរការកសាង អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែរីកចម្រើន សម្បូរសប្បាយថែមទៀត។

នៅក្នុងឱកាសនោះលោក ស ខេង បានលើកឡើងច្បាស់ៗថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលហ៊ានថា គឺហ៊ានធ្វើ មិនមែនជា គណបក្ស ដែលចេះតែដើរសន្យាខ្យល់នោះទេ។ គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ហើយដើម្បីសម្រេចគោលដៅនេះ ទាល់តែប្រទេសជាតិមានស្ថេរភាព និងសន្តិភាព។ ក្នុងប្រវត្តិសាស្រ្ត គ្មានគណបក្សណាមានស្នាដៃកសាងប្រទេសជាតិ ដូចគណបក្សប្រជាជននោះទេ។ បើការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឈ្នះ មានន័យថា បោះឆ្នោតព្រឹទ្ធសភាឈ្នះ និងបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌឈ្នះ អញ្ចឹងយើងនៅតែការបោះឆ្នោតថ្នាក់ជាតិ។

លោក ស ខេង បានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ធ្លាប់បានដោះស្រាយបញ្ហាច្រើនណាស់ ពិសេសការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារការវិលត្រឡប់មកវិញនៃរបបនេះ ប៉ុន្តែការដឹកនាំប្រទេសវាមិនអាចល្អឥតខ្ចោះនោះទេ វាគ្រាន់តែឆ្លុះបញ្ចាំងពីបុគ្គលមួយចំនួនប៉ុណ្ណោះ៕

ចែករំលែក

បញ្ចេញយោបល់