រដ្ឋម​ន្ត្រីពាណិជ្ជកម្ម៖ បើចង់​ឲ្យផលិត​ផលជា​តិរស់ កុំឆ្ងាញ់តែ​រសជាតិប​រទេស​

ថ្ងៃសុក្រ ទី ២៦ ឧសភា ២០១៧​
124

«សូមបន្តជួយគាំទ្រផលិតផលខ្មែរថែមទៀត ព្រោះបើចង់ឲ្យផលិតផលជាតិរស់ សូមកុំឆ្ងាញ់តែរសជាតិផលិតផលបរទេស!!!» នេះគឺជាសារអំពាវនាវរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទៅកាន់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងឱកាសបើកព្រឹត្តិការពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែឧសភា នៅឯបរិវេណវាលបែកចាន ក្រុងបាត់ដំបង ទីរួមខេត្តបាត់ដំបង។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់ផលិតករ និងសហគ្រិនក្នុងស្រុក ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពផលិតផលរបស់ខ្លួន ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ដើម្បីទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេសដែលចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជា សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
លោក ប៉ាន សូរស័ក្តិ បានបន្តថា «ក្រសួងពាណិជ្ជកម្ម មានភារកិច្ចស្វែងរកទីផ្សារថ្មីៗសម្រាប់សហគ្រាសធុនតូច និងធុនមធ្យម ក៏ប៉ុន្តែផលិតករ និងសហគ្រិនទាំងអស់ ចាំបាច់ត្រូវចេះអភិវឌ្ឍផលិតផល ឬសេវាកម្មរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ទើបអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស» លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។
លោកបានបន្តទៀតថា «ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាគាំទ្រផលិតផលជាតិកាន់តែច្រើនឡើងៗ បើសិនជាផលិតករ និងសហគ្រិនយើងអាចធ្វើបាន ព្រោះនេះគឺជាកត្តាសត្យានុម័តនៃការប្រកួតប្រជែងទីផ្សារសេរី ដែលយើងទាំងអស់គ្នាត្រូវតែទទួលស្គាល់» ។
លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា ក្រោមកិច្ចសហការពីអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការគាំទ្រពីក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា និងក្រុមហ៊ុនទូរសព្ទចល័តស្មាតម៉ូប៊ីល ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ នឹងត្រូវរៀបចំក្នុងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។ ពិព័រណ៍នេះ បានទាក់ទាញការចូលរួមពីសហគ្រាសធុនតូច-ធុនមធ្យម មកពីគ្រប់រាជធានី-ខេត្តចំនួន ១២០ស្តង់ ដែលមានដាក់តាំងលក់ទំនិញប្រភេទម្ហូបអាហារ ភេសជ្ជៈ បន្លែ ផ្លែឈើ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ស្ទើរគ្រប់ប្រភេទ៕

បញ្ចេញយោបល់