លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជា មានសាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ត និងសាសនាដទៃទៀត គឺមានអាយុស្មើៗគ្នា ដោយមានកំណើតឡើងវិញនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដូចៗគ្នា ព្រោះថា ទោះជាយោងតាមដើមកំណើតរបស់សាសនាផ្សេងៗខុសគ្នាមុនក្រោយក៏ដោយ តែនៅកម្ពុជា សាសនាទាំងអស់បានស្លាប់ម្តងហើយនៅក្នុងសម័យប៉ុលពត ហើយកើតឡើងវិញនៅថ្ងៃ ៧កមរា ដូចគ្នា។
នេះជាការលើកឡើងរបស់លោក ម៉ៅ ភិរុណ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៤៧៧ ម៉ែត្រ និងលូប្រវែង ៤៣៤ ម៉ែត្រ ស្ថិតនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយនឹងវត្តមានពីសំណាក់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាម សរុបចំនួន ៥០០ នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ។
លោក ម៉ៅ ភិរុណ បានបញ្ជាក់ទៀតថា វត្តមានរបស់លោកនៅថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងសំណូមពរបស់បងប្អូនខ្មែរឥស្លាមស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែលលោក ចុះជួបសំណេះសំណាលជាមួយបងប្អូនឥស្លាម ក្នុងពិធីស្រាយបួស កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
លោក ម៉ៅ ភិរុណ ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីសមិទ្ធផលនានា មានទាំងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តកណ្តាល ដែលសមិទ្ធផលទាំងនេះកើតឡើងដោយសារយើងមានសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ លោកបានបន្តថា សារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺដើម្បីទទួលបានការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព និងភាពជឿទុកចិត្តជូនប្រជាពលរដ្ឋ បង្កើនល្បឿននៃការអភិវឌ្ឍតាមមូលដ្ឋាន និងពង្រឹងប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។
នាឱកាសនោះ លោក ម៉ៅ ភិរុណ បានបន្តទៀតថា ក្រុមហ៊ុនដែលជាអ្នកទទួលរ៉ាប់រងសាងសង់ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានានូវគុណភាព និងសុវត្ថិភាព ហើយអនុវត្តឲ្យបានទាន់ពេលវេលា (រយៈពេល ២ ខែ) និងសូមបងប្អូនប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់ពីការអនុវត្តគម្រោងជួសជុលផ្លូវនេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសហការជាមួយអាជ្ញាធរ ក៏ដូចជាអ្នកទទួលម៉ៅការចំពោះផលប៉ះពាល់លើដីធ្លី ដំណាំ ព្រមទាំងបញ្ហាប្រឈមនានាដែលអាចកើតមានឡើង ក្នុងអំឡុងពេលនៃការអនុវត្តគម្រោងសាងសង់ផ្លូវបេតុងប្រវែងនេះ។
លោក ម៉ៅ ភិរុណ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ហើយសូមបងប្អូនបោះឆ្នោតប្រកបដោយភាពយល់ដឹង និងភាពឈ្លាសវៃ ដើម្បីឱ្យមូលដ្ឋានរបស់យើង មានសុខសន្តិភាព សណ្តាប់សាធារណៈល្អ និងការអភិវឌ្ឍបន្ថែមទៀត៕