សំណួរបានចោទសួរជាច្រើនទាំងក្នុងហ្វេសប៊ុកមេដឹកនាំបក្សប្រឆាំង និងមន្ត្រីបក្ស នេះទាក់ទងនឹងការសន្យាឱ្យលុយឃុំ ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ តែរាល់សំណួរគឺគ្មានចម្លើយពីមេបក្ស ឬមន្ត្រីបក្សនេះ និងសកម្មជនបក្ស។ សូម្បីតែបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំដង្កាត់ក៏ឆ្លើយមិនដឹងថាបានមកពីណាដែរ គ្រាន់តែសូត្រតាមមេបក្សខ្លួនប៉ុណ្ណោះ។ សកម្មជន និងអ្នកគាំទ្រមួយចំនួននៅតែមិនយល់ច្បាស់ និងនៅតែមិនទទួលចម្លើយពិត។ ម៉េចនឹងទទួលបានចម្លើយពិត បើជាការសន្យាខ្យល់ ដាក់ជានុយទាញរកសំឡេងឆ្នោត។
នៅតាមភូមិឃុំ សកម្មជនបានទន្ទេញចាំមាត់ពីរឿងលុយ ៥០ម៉ឺន តែមិនដឹងថា ត្រូវយកលុយពីណាទេ។ ហាហាឡើង ៥០ ម៉ឺនដុល្លារ ស្រួលៗ! ដោយសារតែសំណួរនេះគ្មានចម្លើយពីមេបក្សប្រឆាំងរឿងបញ្ហានេះព្រោះវាជាចំណុចរសើបនៃការសន្យាបែបបោកប្រាស់រាស្ត្រនោះ ចៅចាក់ស្មុក ដែលដឹងរឿងពិតពីបន្ទាយព្រះអាទិត្យនេះ សូមជម្រាបជូនថា៖
១-ថវិកាដែលបក្សប្រឆាំងសន្យានេះនឹងមិនអាចទៅរួចឡើយព្រោះសូម្បីតែអ្នកជំនាញក៏ដាក់ការសង្ស័យថាមិនអាចទៅរួចឡើយក្នុងកម្រិតថវិកាដុលដូច្នេះ។ បក្សប្រឆាំងសន្យាដូច្នេះដោយសារតែបាន ដឹងចិត្តពលរដ្ឋមួយចំនួនតូចដែលខ្វារកនឹងតួលេខលុយខ្យល់នេះ។ ថវិកានេះគ្រាន់តែសន្យាតែមិនបានឡើយព្រោះរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ តាមពិត តាមរយៈគោលនយោបាយអភិវឌ្ឍឃុំសង្កាត់របស់ខ្លួនបានទម្លាកើថវិកា និងការកសាងសមិទ្ធផលជាច្រើនសម្រាប់ឃុំសង្កាត់ ដែលច្រើនជាងការសន្យាខ្យល់របស់បក្សប្រឆាំងទៅទៀត។ កម្មវិធីនយោបាយគណបក្សប្រជាជនបានគ្របដណ្តប់លើគ្រប់ទិដ្ឋភាពទាំងអស់ហើយគោលនយោបាយបក្សប្រឆាំងគ្រាន់តែជាផ្នែកតូចមួយរបស់បក្សប្រជាជនតែប៉ុណ្ណោះ។
២-បើមិនអាចទទួលបានកញ្ចប់ថវិកាតាមការសន្យាពេលបោះឆ្នោត ដូច្នេះសម្រាប់បងប្អូន និងសមាជិកក្នុងឃុំដែលគេសន្យាថាជាប់ឆ្នោតបាន ៥០ម៉ឺនដុល្លារ គួរបងប្អូននាំគ្នាមកទារប្រាក់នេះពីមេបក្សប្រឆាំង ឬអ្នកដែលសន្យាជាមួយបងប្អូនឱ្យខាងតែបាន ព្រោះបើសន្យាត្រូវតែគោរព ហើយបើមិនគោរពតាមការសន្យា នោះវានឹងបញ្ជាក់ថាអ្វីដែលបានសន្យានេះសន្យានោះគឺពិតជាសន្យាខ្យល់ បោកប្រាស់ពិតប្រាកដមែន។ នេះជាវិធីសាស្ត្រដើម្បីបានលុយតាមការសន្យារបស់បក្សប្រឆាំង។ ប៉ុន្តែទំនងមិនបានទេ ព្រោះសូម្បីសន្យាត្រឹមមេឃុំប៉ុន្មាននាក់ថាជាប់ឆ្នោតឱ្យម៉ូតូ ឱ្យឡានពេទ្យ មិនដឹងបែរមុខទៅណាផង ហើយហេងស៊យភ្លេចសន្យាខ្លួនឯងបាត់ទៅហើយ។ បើជ្រុលទារ សូមទារទាំងថវិកា ៤០០០០រៀលសន្យាឱ្យចាស់អាយុពី ៦៥ ឆ្នាំឡើងទៅ រួមនឹងសន្យាឱ្យមេគោផងដែេ។
បើធ្វើមិនបានទេ នោះអ្វីដែលគេសន្យានេះគឺមិនពិតឡើយ ហើយរាស្ត្រក៏មិនជឿទៀតដែរ ព្រោះអ្នកចាញ់បោកនៅឆ្នាំ ២០១៣ កំពុងអង្គុយថ្ងូរដោយសារតែជឿលើការសន្យាបោកប្រាស់របស់ក្រុមអ្នកនយោបាយអង្ករកំប៉ុង៕
ដោយ៖ ចៅ ចាក់ស្មុក