នៅចំពោះមុខភាពគឃ្លើនរបស់បក្សប្រឆាំង គ្មានគោរពក្រមសីលធម៌ឃោសនាបោះឆ្នោត និងការបន្តដើរញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋ ព្រមទាំងបានបង្កការរើសអាងប្រឆាំងជាតិឋាសន៍ ក្នុងនាមជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុម សែន បានមានប្រសាសន៍ព្រមានទុកជាមុន សូមកុំឱ្យស្ថានការណ៍ដូចឆ្នាំ ២០១៣ ដុតកម្ទេចឡានសមត្ថកិច្ច តវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត បង្កជាកុបកម្មហិង្សាក្នុងចេតនាបដិវត្តន៍ពណ៌កើតឡើងទៅទៀត។ សម្តេចតេជោបានសង្កត់ ធ្ងន់ថាបនរសិនបើកើតមានព្រឹត្តិការណ៍ដូចឆ្នាំ ២០១៣ នោះ កងកម្លាំងសមត្ថកិច្ច នកងចុះបង្ក្រាបភ្លាម ហើយមិនមានការអត់ធ្មត់ទៀតឡើយ។
សម្តេចបានគូសបញ្ជាក់ថា ទៅថ្ងៃមុខ បើមានសកម្មភាពណាមួយក្នុងគោលបំណងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រាកដណាស់ថានឹងមានការបង្ក្រាប ហើយសូមកុំបន្ទោសទៅលើថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ ដែលបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងបដិវត្តន៍ពណ៌។ ប្រមុខដឹកនាំរដ្ឋាភិបាល បានប្រាប់ឱ្យដឹងមុនថា សូមចងចាំថា ត្រកូលហ៊ុន មិនមែនអ្នកកាប់សម្លាប់ទេ ត្រកូលហ៊ុននេះបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងកម្ពុជា។ ប៉ុន្តែដើម្បីជីវិតមនុស្សរាប់លាននាក់ សុខចិត្តកម្ចាត់ចោលមនុស្ស ១០០ ឬ ២០០ នាក់។
ជនមួយចំនួនដែលតែងព្យាយាមទាញកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមសោកនាដកម្ម និងការបំផ្លិចបំផ្លាញសាជាថ្មី ខណៈប្រទេសជាតិ និងប្រជាជនកម្ពុជាកំពុងទទួល ពរជ័យពីសន្តិភាព និងការអភិវឌ្ឍ។ នេះគឺជាភាពស្របច្បាប់ក្នុងនាមជាមេដឹកនាំប្រទេសដែលមានតួនាទីក្នុងការការពារសុខសុវត្ថិភាព សន្តិភាព និងធានាបាននូវដំណើរការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ។ នេះមិនមែនចម្លែកទេ! សូម្បីប្រទេសថៃ មេដឹកនាំប្រទេសនេះក៏បាននិយាយដែរថា រវាងស្ថេរភាពក្នុងប្រទេស និងលទ្ធិប្រជាធិបតេយ្យ ខ្លួននឹងជ្រើសរើសយកស្ថេរភាពជាតិ ជាងប្រជាធិបតេយ្យ។ ដូច្នេះបក្សប្រឆាំងគួរគោរពក្រមសីលធម៌នយោបាយ និងសីលធម៌ក្នុងការបញ្ចេញមតិ ព្រោះអ្វីៗស្ថិតនៅក្រោមច្បាប់។
ដោយ៖ ចៅ ចាក់ស្មុក