លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ គណបក្សប្រជាជនកម្ពុជាបាននាំប្រទេសពីភ្លើងសង្រាម ឈាមទឹកភ្នែក មកមានសុខសន្តិភាពពេញលេញ

ថ្ងៃព្រហស្បតិ៍ ទី ២៥ ឧសភា ២០១៧​
120

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមាន​​ជ័យ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បាននាំប្រទេសពីភ្លើងសង្រាម ឈាមទឹកភ្នែក មកមានសុខសន្តិភាពពេញ លេញ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ឆ្លើយតបទៅនឹងតម្រូវ​ការនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ លោក បានថ្លែងដូចនេះក្នុងពិធីជួបសំណេះ​សំណាលជាមួយគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា ជាង៣០០០នាក់ នៅស្រុកព្រះ​នេត្រព្រះ (មកពី ២ឃុំ ឃុំប្រាសាទ ,ឃុំទឹកជោរ ) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ការបោះឆ្នោតទាំងបោះឆ្នោតជាតិ និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺដើម្បីពង្រឹងសន្តិភាព ការអភិវឌ្ឍន៍មូលដ្ឋាន ភូមិឃុំ-សង្កាត់ ពង្រឹងលទ្ធប្រជាធិបតេយ្យ មិនមែនបោះឆ្នោតបង្កភាពការញុះញង់ ភាពចលាចល ភាពអសន្តិសុខក្នុងសង្គមនោះឡើយ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃឱ្យបានល្អដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ពីសំណាក់ជនអគតិមួយចំនួនដើម្បីបំរើផលប្រយោជន៍នយោបាយនិងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឯកសារបម្រើឱ្យការបោះឆ្នោតដែល គ.ជ.ប បានកំណត់ឱ្យបានគ្រប់ៗគ្នាដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឱ្យបានគ្រប់ៗគ្នាដើម្បីបន្តដឹកនាំនិងកសាងអភិវឌ្ឍន៍មូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចំរើនឡើងថែមទៀត៕

 

ចែករំលែក

បញ្ចេញយោបល់