នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោកចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនារកសំលេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដោយមានការចូលរួមពីតំណាងគ្រួសារបក្សចំនួន ៥០១នាក់ស្រី ៣៦៩នាក់។
លោកចៅហ្វាវាំងបានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាបានផ្តល់ជីវិតទី២ដល់ប្រជាជនខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាតដៃទទេរហូត មានការអភិវឌ្ឍលើគ្រប់វិស័យ។ចុងក្រោយនេះដោយសារនយោបាយឈ្នះ-ឈ្នះរបស់លោក ហ៊ុន សែន បានរំលាយអង្គការចាត់តាំងពួកប៉ុលពតទាំងស្រុងនិង បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាព ធានាបានស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិទាំងមូលធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញដើម្បីលើកកម្ពស់ជីវភាពកាត់តែធូរធាថែមទៀត។
ក្នុងឱកាសនេះដែរ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដោយយកមកជាមួយនូវលិខិតបញ្ជាក់អត្តសញ្ញាណ គូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយឡែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធានាសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕