អភិបាលខណ្ឌដង្កោ អញ្ជើញក្នុងពិធី​បើកការដ្ឋាន​ស្ថាបនា​ផ្លូវបេតុង​ចំនួន០២ខ្សែ ​ក្នុងភូមិពងទឹក ​សង្កាត់ពងទឹក​ ខណ្ឌដង្កោ​

ថ្ងៃព្រហស្បតិ៍ ទី ២៥ ឧសភា ២០១៧​
159

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ សាលាខណ្ឌ បេក្ខជនក្រុមប្រឹក្សាសង្កាត់ និងភូមិបានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែ មានប្រវែងសរុប ៨០១ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក និងភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ។

អភិបាលខណ្ឌដង្កោ បានឲ្យដឹងថា ផ្លូវបេតុងទាំង០២ខ្សែរួមមាន៖ ខ្សែទី០១- ផ្លូវបេតុងប្រវែង ៣៧០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៧ ខ្សែទី០២- ផ្លូវបេតុងប្រវែង ៤៣១ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិស្រែញរ៍ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧។

លោកអភិបាលខណ្ឌដង្កោ បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខដឹកនាំ ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សា សុខសន្តិភាពនៅទូទាំងប្រទេស។

លោកអភិបាលក៏បានផ្តាំផ្ញើ ដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់។ លោកអភិបាលក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តា ជួយតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ និងសូមមានការយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់ តិចតួចដែលអាចបណ្តាលមកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការ បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕

ចែករំលែក

បញ្ចេញយោបល់