ក្រសួង​ពាណិជ្ជក​ម្មដាក់ដំណើរការជាផ្លូវការនៃ​ប្រព័ន្ធស្នើសុំ​ចុះបញ្ជីម៉ាក​តាម​អេឡិច​ត្រូនិក ​

ថ្ងៃព្រហស្បតិ៍ ទី ២៥ ឧសភា ២០១៧​
164

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដែលត្រូវបានជ្រើសតាំងជាលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក” ដើម្បីជួយសម្រួលវិស័យឯកជន និងសាធារណជនក្នុងការស្នើសុំចុះបញ្ជី និងទទួលបានសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម។

ពិធីសម្ពោធត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) តំណាងការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន មន្ត្រីអន្តរក្រសួងដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងតំណាងវិស័យឯកជន និងសាធារណជនប្រមាណ ២០០នាក់។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេសផ្សេងៗរបស់អង្គការ WIPO ព្រមទាំងដៃគូអភិវឌ្ឍនានា ក្នុងការជំរុញ និងលើកកម្ពស់ការអនុវត្តកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជានៃសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកនេះ គឺជាសក្ខីភាពដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការលើកកម្ពស់សេវាសាធារណៈ ពិសេសចូលរួមអនុវត្តន៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថា ប្រព័ន្ធថ្មីនេះ នឹងផ្តល់ភាពងាយស្រួលជាងមុន ដោយវាអាចជួយកាត់បន្ថយពេលវេលា និងថវិកាចំណាយក្នុងការរស្វែងរកលទ្ធភាពចុះបញ្ជីម៉ាក និងការស្នើសុំសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីម៉ាក ប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបផងដែរថា នៅលើពិភពលោក កម្មសិទ្ធិបញ្ញាត្រូវបានទទួលស្គាល់ថា គឺជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងព័ត៌មានវិទ្យា។ ដើម្បីជំរុញការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការបានប្រឹងប្រែងចូលជាសមាជិកនៃអង្គការ WIPO និងបានចុះព្រមព្រៀង ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិសំខាន់ៗមួយចំនួន។ លើសពីនេះក្រសួងបានខិតខំតាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងម៉ាកពាណិជ្ជកម្ម ក្រោមការជួយជ្រោមជ្រែងពីដៃគូអង្គការអន្តរជាតិនានា សំដៅការពារអត្ថប្រយោជន៍វិស័យឯកជន និងសាធារណជនជាតិ ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការរំលោភបំពានកម្មសិទិ្ធបញ្ញានៅក្នុងប្រទេស។

សូមបញ្ជាក់ផងដែរថា តាមរយៈប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យដំណើរការថ្ងៃនេះ សាធារណជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្មអាចធ្វើឡើងគ្រប់ទីកន្លែង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រwww.efiling.cambodia.gov.kh របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម៕

 

 

បញ្ចេញយោបល់