ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូតចប់អាណត្តិប្រចាំកម្ពុជា នៃសាធារណរដ្ឋឥណ្ឌា បានស្នើឱ្យកម្ពុជាផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ឱ្យសុះសាយទូលំទូលាយទៅដល់ទេសចរឥណ្ឌាបន្ថែមទៀត។
លោក ណាវិន បានផ្ដល់ជាមតិយោបល់ និងស្នើឱ្យកម្ពុជាធ្វើការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខ្លួន ជាពិសេសខេត្តសៀមរាប ជាគោលដៅសម្រាប់អាពាហ៍ពិពាហ៍ និងខេត្តព្រះសីហនុ ជាគោលដៅក្រេបចន្ទទឹកឃ្មុំ សម្រាប់ភ្ញៀវទេសចរឥណ្ឌា។
លោកឯកអគ្គរដ្ឋទូតបានបន្តថា នៅពេលចេញដើរកម្សាន្តក្រៅប្រទេសម្ដងៗ ទេសចរឥណ្ឌាពេញនិយមដើរជាក្រុមៗ យ៉ាងហោចពី ២០០នាក់ ទៅ៣០០នាក់ ហើយពួកគេក៏ចូលចិត្តស្នាក់នៅរយៈពេលយូរ និងចាយវាយច្រើន ដែលជាប្រយោជន៍ធំសម្រាប់ប្រទេស ដែលទទួលភ្ញៀវពីប្រទេសមហាអំណាចមួយនេះ។
មូលហេតុដែលលោក ណាវិន ស្នើបែបនេះ ដោយសារប្រជាជនឥណ្ឌាបានស្គាល់ប្រាសាទអង្គវត្តហើយ តែចំពោះកន្លែងផ្សេងទៀត នៅកម្ពុជាប្រជាជនឥណ្ឌាភាគច្រើន មិនទាន់ស្គាល់នៅឡើយទេ ដែលជាហេតុចាំបាច់តម្រូវឱ្យមានការជំរុញការបង្កើតពិព័រណ៍ ទេសចរណ៍ធំៗបន្ថែមទៀត ប្រាប់ទៅប្រជាជនឥណ្ឌា។
ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងលោករដ្ឋមន្រ្តី ថោង ខុន និងលោក ណាវិន ស្រីវ៉ាស្តាវ៉ា សុទ្ធតែចង់ជំរុញឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា និងពីកម្ពុជាទៅឥណ្ឌា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរឥណ្ឌា និងទេសចរប្រទេសទី៣ ឱ្យចូលមកទស្សនាកម្សាន្ត និងបង្កើនវិនិយោគនៅកម្ពុជាផងដែរ ដែលការងារនេះ ត្រូវបានបញ្ជាក់ពីក្រសួងទេសចរណ៍ថា ការព្រមព្រៀង ការចុះហត្ថលេខា និងបែបបទនានា ត្រូវបានធ្វើរួចរាល់អស់ហើយ នៅចាំតែថ្ងៃបើកសម្ពោធការហោះហើរជាផ្លូវការ តែប៉ុណ្ណោះ។
សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កន្លងទៅ ភ្ញៀវទេសចរឥណ្ឌាដែលចូលមកទស្សនាកម្ពុជា មានចំនួន ៤៦,១៣១នាក់ កើនឡើង ២៥.៨% បើធៀបនឹងឆ្នាំ២០១៥៕