លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរនឹងជ្រើសរើសបោះឆ្នោតយក សន្តិភាព និងការអភិវឌ្ឍ

ថ្ងៃពុធ ទី ២៤ ឧសភា ២០១៧​
290

នៅក្នុងកំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នាប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញថាសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជាបានបង្ហាញចេញយ៉ាងច្បាស់ និងខ្លាំងក្លាតាមរយៈការបញ្ចេញសារ នយោបាយតាមបណ្តាញផ្សព្វផ្សាយសង្គម និងការចូលរួមដង្ហែក្បួនយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចេញសារនៅលើ Facebook ផ្លូវការរបស់លោកជាបន្តបន្ទាប់ដោយបង្ហាញជំនឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោត ហើយលោកមានសង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋខ្មែរនឹងជ្រើសរើសបោះឆ្នោតយកសន្តិភាព និងការអភិវឌ្ឍ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជន ចាប់ឈ្នះតាំងពីការឃោសនាបោះឆ្នោត ព្រោះមានប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប បានមកចូលរួមដង្ហែបក្សយ៉ាងគគ្រឹកគគ្រេង រីឯបងប្អូន លោកយាយ លោកតាមួយចំនួន ដែលមិនបានមក ក៏បានអបអរសាទរសប្បាយរីករាយដោយទឹកមុខស្រស់ថ្លា នៅតាមផ្ទះ ទីប្រជុំជន និងតាមផ្លូវ ដែលបានបង្ហាញច្បាស់អំពីភាពជោគជ័យជាមួយនឹងទំនុកចិត្តយ៉ាងខ្លាំងបំផុត។ បងប្អូនប្រជាពលរដ្ឋ ស្រឡាញ់បក្សប្រជាជន គឺមានពីគ្រប់ ស្រទាប់វណ្ណះ នេះដោយសារបក្សប្រជាជន ជាបក្សរបស់ប្រជាជនពិតៗ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់ពេលទាំងពេលក្រលំបាក ទាំងពេលសប្បាយរីករាយ។ បក្សប្រជាជន ដឹកនាំគ្រប់គ្រងប្រទេស គឺបក្សផ្សេងៗទាំងអស់ក៏មានសេចក្តីសុខដូចគ្នា រស់នៅជាមួយគ្នាបាន ដោយសារប្រទេសមានសន្តិភាព។

សាររបស់លោក ហ៊ុន សែន បញ្ជាក់ថា៖
-ចូលរួមហែរក្បួន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
-មានគណបក្សប្រជាជនកម្ពុជា គឺមានសាលារៀនគ្រប់ទីកន្លែង! គណបក្សប្រជាជនកម្ពុជា បានកសាងសាលារៀនកាន់តែច្រើនឡើងៗចាប់តាំងពីទីក្រុងរហូត ដល់ជនបទ។
-សាលារៀនស្ទើរតែគ្រប់កម្រិត គឺបានកសាងនៅក្បែរផ្ទះ ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់កូនចៅក្មួយៗ សិស្សានុសិស្សបានសិក្សារៀនសូត្រគ្រប់ៗគ្នា។
-យុវជនត្រូវការ សិក្សារៀនសូត្រចាំបាច់បំផុត។ បោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលើកស្ទួយ និងចូលរួមជួយជំរុញ ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស អោយកាន់តែខ្លាំងឡើង នៅក្នុងប្រទេស។ នេះមិនមែនជាការឃោសនាសន្យាខ្យល់ទេ តែជាការពិត ព្រោះសមិទ្ធផលសាលារៀនគឺបាន និងកំពុងកសាងជារៀងរាល់ថ្ងៃ (មិនដូចបក្សមួយចំនួនកំពុងឃោសនាខ្យល់ ដែលគ្មានបានកសាងអ្វីមួយ នៅឡើយសម្រាប់យុវជន ក្មួយៗ និងចៅៗ គឺមិនអាចជឿទុកចិត្តបានឡើយ) ។
-លោក ហ៊ុន សែន បន្ថែមថា តាមរយៈក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជាប៉ុន្មានថ្ងៃនេះ បង្ហាញថា សមាជិកបក្ស គឺមានភាពថ្លៃថ្នូរ និងប្រកបដោយវិន័យរបស់យើង ធ្វើដំណើរប្រកបដោយការសប្បាយរីករាយ និងសាមគ្គីភាព។ មានគ្រួសារដែលប្តីជិះម៉តូដឹកប្រពន្ធ ដែលមានកូនតូចក្នុងសម្លៀកបំពាក់គណបក្ស ដែលមានសញ្ញាទេវតាបាចផ្កា។
-ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសក្នុង ឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមហែក្បួន បិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ។ សូមសមាជិកបក្សយើង រាប់លាននាក់ នៅគ្រប់ ខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ នៅទូទាំងប្រទេស ចូលរួមហែរក្បួន និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ។
-គណបក្សប្រជាជនកម្ពុជា បានថែរក្សាការពារសុខសន្តិភាព ដើម្បីយុវជនជំនាន់ក្រោយ មានឱកាសសិក្សារៀន សូត្រដោយសេរី និងដោយគ្មានការភិតភ័យរត់លូនដោយសារសង្គ្រាម ដូចដែលកំពុងកើតមានឡើងនៅ ក្នុងប្រទេសមួយចំនួននៅពេលនេះ។ បោះឆ្នោតអោយបក្សប្រជាជន គឺផ្តល់ឱកាសអោយយុវជន យុវតី កុមារា កុមារី បានសិក្សារៀនសូត្រនៅ គ្រប់ទីកន្លែង ដើម្បីអនាគតល្អរបស់កូនខ្មែរទូទាំងប្រទេស។
-គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន និងសម្រាប់បម្រើប្រជាជនទូទៅ ដោយមិនរើសអើងទាំងជំនឿសាសនា និងនយោបាយ។ បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នា កសាងអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនលូតលាស់ខ្លាំងឡើង!
-ប្រជាពលរដ្ឋស្រលាញ់គណបក្សប្រជាជនកម្ពុជា ព្រោះថាជាបក្សដែល បានសង្រ្គោះអាយុជីវិតប្រជាជន និងជាបក្សដែលបានខិតខំកសាងកម្ពុជាពីបាតដៃទទេរ រហូតដល់រីកចម្រើនមកទល់ថ្ងៃនេះ។ គណបក្សប្រជាជនកម្ពុជាឈ្នះ គឺបងប្អូនខ្មែរទូទាំងប្រទេសឈ្នះ និងប្រទេសជាតិកាន់តែរីកចម្រើន ហើយប្រជាជនរស់នៅសុខក្សេមក្សាន្ត៕

ចែករំលែក

បញ្ចេញយោបល់