លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋ និងអ្នកគាំទ្រ ឱ្យកត់ចំណាំសញ្ញាគណបក្សប្រជាជនកម្ពុជា ដែល​មានរូបទេវតា​បាចផ្កា​ ព្រោះលេខរៀង​គណបក្ស​មានការផ្លាស់​ប្តូរតាម​ឃុំសង្កាត់​ខុសៗគ្នា​

ថ្ងៃពុធ ទី ២៤ ឧសភា ២០១៧​
212

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើ Facebook ផ្លូវការរបស់លោកនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នេះថា សូមបងប្អូនចំណាំសញ្ញាគណបក្សយើង ដែលមានសញ្ញាទេវតាបាចផ្កាជាការល្អជាង។ ដោយពិនិត្យឃើញថាបងប្អូនយើងមួយចំនួននៅបន្តស្រឡាញ់លេខ(៤) ដែល ជាលេខរៀងគណបក្ស យើងចាប់ឆ្នោតបាននៅឆ្នាំ២០០៨ និងឆ្នាំ២០១៣ ហើយប្រសិនជាបងប្អូន បោះឆ្នោតឲ្យលេខ(៤) អាចនឹងខុស ព្រោះការចាប់ឆ្នោតតាមឃុំនីមួយៗមិនដូចគ្នាទេ ឃុំខ្លះលេខ(១) ឃុំខ្លះលេខ(៣) ឃុំខ្លះ លេខ(៤) ឬលេខ(៥)ឬលេខ(៦) ឬលេខ(៧)ឬលេខ(៨)។ល។ សំរាប់ការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ មិនទាន់ចាប់ឆ្នោតនៅឡើយទេ។

លោកនាយករដ្ឋមន្ត្រី ក៏បានលើកជាឧទាហរណ៍អំពីការបោះឆ្នោតឆ្នាំ១៩៩៣ គណបក្យប្រជាជន បានលេខរៀងទី(១)។ ឆ្នាំ១៩៩៨លេខ រៀងទី (៣៥)។ ឆ្នាំ២០០៣លេខរៀងទី(១៧) ។ឆ្នាំ២០០៨លេខរៀងទី(៤)។ ឆ្នាំ២០១៣លេខ រៀងទី(៤)។ សំរាប់ឆ្នាំ២០១៨ យើងមិនទាន់ដឹងថានៅលេខរៀងទីប៉ុន្មាននៅឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា មានវិធីតែមួយគត់ដែលផ្តល់ការងាយស្រួលសំរាប់បងប្អូន គឺចំណាំសញ្ញាគណបក្សដែលមានរូបទេវតាបាចផ្កាសំរាប់ការបោះឆ្នោត ឃុំសង្កាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដែលឃុំនីមួយៗមានលេខរៀងខុសៗ គ្នា។

ក្នុុងសារដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់ក្មួយប្រុស Vitou sor ដែលចង់ឃើញលោក ធ្វើយុទ្ធនាការរកសម្លេងឆ្នោតនៅខេត្តសៀមរាប។ ដោយសារពេលវេលាមានកំណត់ ឆ្នាំនេះលោកចូលរួមហែរក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃ២ ខែមិថុនា ឆ្នាំ ២០១៧ ហើយលោក នឹងធ្វើដំណើរលើរថយន្តធុនធំអត់ដំបូលដូចសមាជិកបក្សផ្សេងទៀតដែរ។ សំរាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ លោកនឹងទៅកាន់ខេត្តនាៗរាប់ទាំងខេត្តសៀមរាមផង និងសូមក្មួយរង់ចាំទទួលលោកផង៕

ចែករំលែក

បញ្ចេញយោបល់