អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យផលប៉ះពាល់ផ្ទះពលរដ្ឋ តាមបណ្ដោយផ្លូវរថភ្លើង ខណ្ឌឬស្សីកែវ ដោយសន្យាថា នឹងខិតខំដោះស្រាយបញ្ហា ឱ្យបានឆាប់ចប់

ថ្ងៃពុធ ទី ២៤ ឧសភា ២០១៧​
128

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជំនាញចុះសំណេះសំណាល និងពិនិត្យផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងគម្រោងអភិវឌ្ឍផ្លូវដែក ស្ថិតក្នុងខណ្ឌឫស្សីកែវ។

មន្រ្តីសាលារាជធានីភ្នំពេញបានឱ្យដឹងថា អាជ្ញាធរគ្រោងជួលជុលផ្លូវដែកនេះ ទំហំទទឹង ១៥ម៉ែត្រ ហើយនិងដោះស្រាយផលប៉ះពាល់ លើផ្ទះប្រជាពលរដ្ឋបន្តិចម្ដងៗ ឱ្យបានចប់សព្វគ្រប់។
ក្នុងឱកាសចុះសំណេះសំណាលនេះ ប្រជាពលរដ្ឋ បានស្នើឱ្យលោកអភិបាលរាជធានី ជួយដោះស្រាយផលប៉ះពាល់ ដល់ពួកគាត់ឱ្យបានឆាប់រហ័ស និងប្រាប់ពីគម្រោង ការផ្លាស់ទីលំនៅរបស់ពួកគាត់ដើម្បីឱ្យពួកគាត់សប្បាយចិត្ត។

ជាងនេះទៅទៀត ប្រជាពលរដ្ឋក៏បានបង្ហាញនូវការគាំទ្រចំពោះគម្រោង អភិវឌ្ឍរបស់រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ ដែលបាននិងកំពុងអភិវឌ្ឍតំបន់ផ្លូវដែក ក្នុងខណ្ឌឫស្សីកែវនេះផងដែរ។
ជាការឆ្លើយតប លោក ប៉ា សុជាតិវង្ស បានសន្យាចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់នោះថា អាជ្ញាធររាជធានី នឹងខិតខំដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានឆាប់ចប់ ដោយបន្តសិក្សាពីផលប៉ះពាល់ និងដោះស្រាយបន្តិចម្ដងៗឱ្យបានចប់សព្វគ្រប់។

ក្នុងនោះលោកអភិបាល បានប្រាប់ប្រជាជនថា កុំឱ្យភ័យពីរឿងបាត់បង់លំនៅឋាន បើគម្រោងអភិវឌ្ឍប៉ះពាល់អស់ផ្ទះ លោកនឹងផ្តល់ផ្ទះឱ្យដោយនៅក្នុងសង្កាត់ដដែល គឺនៅមិនឆ្ងាយពីកន្លែងចាស់នោះទេ៕

ចែករំលែក

បញ្ចេញយោបល់