ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ “គោល​ការណ៍​ណែនាំ​ស្តី​ពី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​”​

ថ្ងៃអង្គារ ទី ២៣ ឧសភា ២០១៧​
159

នៅ​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ “គោល​ការណ៍​ណែនាំ​ស្តី​ពី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​”​ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC) ដោយ​មាន​អ្នក​ចូលរួម​ពី​ ផ្នែក​ឯកជន​ ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ សមាគមន៍​ CATA , PATA, សមាគមន៍​​សណ្ឋាគារ​ សមាគមន៍​ភោជនីយដ្ឋាន​ និសិ្សត​សាកលវិទ្យាល័យ​ និង​មន្ត្រី​ក្រសួង​ទេសចរណ៍។​

សូមជម្រាបផងដែរថា គោល​​បំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ ផ្សព្វផ្សាយ​គោល​ការណ៍​ណែនាំបដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​ ចលនា​ប្រឡង​ប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ និង​នីតិវិធី​នៃ​ការ​ប្រឡង​ប្រណាំង​នេះ​ជូន​ដល់​​ប្រតិបត្តិករ​ទេសចរ​ណ៍​ ដើម្បី​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​អាជីវកម្ម​ទេសចរណ៍​ឲ្យ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សម្បទា​ឲ្យ​ប្រកប​ដោយ​ស្តង់​ដា​ត្រឹមត្រូវ​ អភិរក្ស​វប្បធម៌​ ប្រពៃណី​របស់​ជន​ជាតិ​ខ្មែរ​ លើក​កំពស់​ធនធាន​មនុស្ស​ ជំរុញ​ប្រសិទ្ធភាព​ គុណភាព​ និង​សុវត្ថិភាព​ នៃ​ការ​ផ្តល់​សេវា​ទេសចរណ៍​ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ព្រម​ទាំង​​អាច​ពន្យារ​ពេល​ស្នាក់​នៅ​ ចូល​រួម​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​។​

សូមរំលឹកផងដែរថា​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៦ ​រាជរដ្ឋាភិបាលបានប្រកាស​ដាក់​ចេញ​នូវ​ចលនា​ប្រឡង​ប្រណាំង “បដិសណ្ឋារកិច្ចល្អ” ផ្តោតទៅលើ ទី​១-“បដិសណ្ឋារកិច្ចល្អក្នុងសេវាទេសចរណ៍” ទី​២-“បដិសណ្ឋា​រ​កិច្ច​​​ល្អ​ក្នុងសេវា​សាធារណៈ​របស់ក្រុង/ខណ្ឌបេក្ខភាពក្នុងចលនា​​ទីក្រុង​ស្អាត” និងទី៣- “បដិសណ្ឋារកិច្ច​ល្អ​របស់ច្រកទ្វារអន្តរជាតិ” និង​ត្រូវ​​ចូលរួមដោយប្រជាពល​រដ្ឋ​​ ភ្ញៀវទេ​ស​​​ចរ ​ផ្តល់មតិ​យោបល់វាយតម្លៃ​​ (Vote-Online) លើការ​ផ្តល់​សេវា​​របស់ប្រតិ​បត្តិករ​-អាជីវករ​ទេស​​ចរណ៍ ឬ​​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ ឬ​ប្រសិទ្ធភាពនៃ​ការ​ផ្តល់​​​​​សេវាសាធារណៈ​ពី​​ខណ្ឌ/ក្រុង​​ជា​បេក្ខភាព​ក្នុងចលនាប្រឡង​ប្រណាំង​​ទីក្រុងស្អាត​​ សំដៅបង្កើន​ប្រសិទ្ធភាពនៃការ​ផ្តល់​សេវា​របស់​យើងឲ្យបានកាន់តែ​ល្អពេញចិត្ត។​ ជា​លទ្ធផល​​រាជរដ្ឋាភិបាលបានប្រកាស​ជ័យ​​លាភី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវា​សាធារណៈ​សម្រាប់​ក្រុង/ខណ្ឌបេក្ខភាពក្នុងចលនាប្រឡងប្រណាំង​ទីក្រុង​ស្អាត​ និង​ច្រក​ទ្វារ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​។

ព័ត៌មានបន្ថែមស្ដីពីចលនាប្រឡងប្រណាំង​បដិសណ្ឋារកិច្ចល្អ​ក្នុងវិស័យ​ទេសចរណ៍សូមចូលក្នុងវេបសាយ www.cambodiabesthospitality.org ឬសូមទំនាក់ទំនងលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជម្រុញចលនាប្រឡងប្រណាំង តាមរយៈទូរស័ព្ទលេខ៖ ០៧៨ ៧៧៧ ១៦៧, ០៩៥ ៩៤៤ ៤៩៨៕

 

បញ្ចេញយោបល់