លោក ហ៊ុន សែន ឆ្លើយតប និងពន្យល់ទៅនឹងមតិរិះគន់ថា យកចិត្តទុកដាក់តែបាល់ទាត់ ដោយខ្វះការគាំទ្រកីឡាប្រដាល់ និងកីឡាផ្សេងទៀត

ថ្ងៃអាទិត្យ ទី ១៦ តុលា ២០១៦​
101

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការឆ្លើយតប ក៏ដូចជាបកស្រាយអំពីមតិរិះគន់ ដែលតែងតែលើកថា «សម្តេចយកចិត្តទុកដាក់ និងឧបត្ថម្ភតែវិស័យកីឡាបាល់ទាត់ មិនគាំទ្រចំពោះកីឡាប្រដាល់ និងកីឡាផ្សេងទៀត»។

មតិរិះគន់នានាតែងតែកើតឡើងព្រោងព្រាត នាពេលថ្មីៗនេះជាពិសេសគឺពេលដែលលោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ឧបត្ថម្ភក្រុមកីឡាករបាល់ទាត់ក្នុងម្នាក់ៗ ១០០០ដុល្លារ ក្រោយទទួលជ័យជំនះរបស់ពួកគេ ក្រៅពីផ្ញើសារគាំទ្រទៀតនោះ ខណៈដែលកីឡាប្រដាល់សម្តេចឧបត្ថម្ភ ១០០០ដុល្លារក្នុងម្នាក់ៗស្មើគ្នា ទោះឈ្នះ ឬក៏ចាញ់ក្តៅ ក្រៅពីកីឡាផ្សេងទៀត រាជរដ្ឋាភិបាល មានប្រាក់រង្វាន់ឧបត្ថម្ភដូចគ្នាទៅតាមអនុក្រឹត្រដែលបាន ចែងរួចរាល់ហើយ ព្រមទាំងមានក្បួនដង្ហែថែមទៀតផង។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន សែន សរសេរបកស្រាយ និងពន្យល់នៅលើ Facebook ផ្លូវការរបស់លោកនាយប់ជ្រៅថ្ងៃទី១៦ ខែតុលា៖

«ល្មមដល់ពេលដែលខ្ញុំចេញ មកពន្យល់អំពីការលើកឡើងថា «យកចិត្តទុកដាក់លើបាល់ទាត់ ខ្វះការយកចិត្តទុកដាក់លើកីឡាប្រដាល់ និងកីឡាផ្សេងទៀត»។
ប្រសិនលោកអ្នកទៅសួរទូរទស្សន៍ប៉ុស្តិ៍លេខ៥, CTN និងបាយ័ន ដែលបានចាត់តាំងប្រកួតកីឡាប្រដាល់ខ្មែរ និងបរទេស ខ្ញុំតែងតែឧបត្ថម្ភជានិច្ច គឺម្នាក់១,០០០ដុល្លារ ទោះចាញ់ក្តី ឈ្នះក្តី។ ពេលនោះមិនមានក្រុមហ៊ុនណាឧបត្ថម្ភទេ ហើយការប្រកួតក៏មានមិនច្រើនដែរ។

ពេលនេះមានក្រុមហ៊ុនឧបត្ថម្ភហើយ ការប្រកួតក៏ច្រើន អ្នកចូលរួមប្រកួតក៏ច្រើន បងប្អូនដែលស្នេហាកីឡាប្រដាល់ ក៏ចូលរួមឧបត្ថម្ភដល់កីឡាករយើងផងដែរ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រិត្យកំណត់ក្របខ័ណប្រកួតថ្នាក់តំបន់ និងអន្តរជាតិដើម្បីទទួលបានការលើកទឹកចិត្ត រហូតមានម៉ូតូអមដំណើរទៀតផង។ យើងបានកំណត់គ្រប់ប្រភេទកីឡាទាំងអស់ដោយគ្មានការរើសអើង។ អ្វីដែលបងប្អូនត្រូវគិត បើប្រដាល់វាយឈ្នះតែ១នាក់ នៅក្រុមហ៊ុនទូរទស្សន៍១និងមានការឧបត្ថម្ភដោយក្រុមហ៊ុន តើត្រូវលើកទឹកចិត្តបែបណា? បើខ្សែក្រវ៉ាត់ ឬពានរង្វាន់នៃក្រុមហ៊ុនឯកជន គឺក្រុមហ៊ុនឯកជនទទួលខុសត្រូវ។

ខ្ញុំបានធ្វើចលនាជាមួយក្រុមហ៊ុនឯកជនច្រើនណាស់ ទើបមានចលនាបែបនេះកើតឡើង។ ខ្ញុំមានការខកចិត្តដោយបងប្អូនយើងមួយចំនួនមិនយល់ពី លក្ខ័ណដែលត្រូវទទួលបានការលើកទឹកចិត្តរហូតលើកឡើងថា កីឡាករឈ្មោះនេះទទួលបានខ្សែក្រវ៉ាត់ពិភពលោក តែមិនបានទទួលរង្វាន់អ្វីសោះ។ ខ្សែក្រវ៉ាត់ ឬពានរង្វាន់ពិភពលោក ឬអូឡាំពិកទឹកប្រាក់ត្រូវបានកំណត់ក្នុងអនុក្រិត្យ។

ឯពិធីការគឺត្រូវមានម៉ូតូចំនួន១២គ្រឿង អមដំណើរដង្ហែរមកកាន់វិមានសន្តិភាព និងដង្ហែរកាត់វិមានឯករាជ្យ។ ឯណាខ្សែរក្រវ៉ាត់ ឬពានរង្វាន់ពិភពលោក? មិនទាន់មានទេ បើប្រដាល់សូម្បីតែ SEA-GAME ក៏មិនទាន់មានមេដាយមាសមួយផង។ ខ្លួនខ្ញុំផ្ទាល់ធ្លាប់បានទទួល និងបំពាក់មេដាយជូន ស៊ន សៀវម៉ី សែនរ៉ាឌី និង កែ ឡី ដែលអ្នកទាំង៣នាក់សុទ្ធតែទៅប្រកួតដោយមានការចាត់តាំង និងប្រកួតក្នុងក្របខ័ណដែលអន្តរជាតិទទួលស្គាល់ ហើយត្រូវប្រកួតជម្រុះរហូតដល់ជ័យជំនះចុងក្រោយ។

បងប្អូនកីឡាករ កីឡាការនីគ្រប់ប្រភេទកីឡា សូមបងប្អូនប្រឹងប្រែងឡើងនឹងប្រកួតឱ្យបានត្រឹមត្រូវតាមក្របខ័ណកំណត់ កុំទៅប្រកួតស្ងាត់ៗអត់ក្របខ័ណ ហើយឱ្យមនុស្សមិនយល់ប្រកាសថាជាខ្សែក្រវ៉ាត់ពិភពលោករហូតទិទៀនថារាជរដ្ឋាភិបាលលំអៀងទៅរកតែបាល់ទាត់។ សូមអរគុណ និងជូនពរកីឡាករខ្មែរ គ្រប់ប្រភេទទទួលបានជ័យជំនះគ្រប់ៗគ្នា និងសូមអរគុណជនរួមជាតិជួបតែសំណាងល្អ៕

14567627_1124708354244327_6436877561518382670_o 14589880_1124705697577926_8491113400276321513_o-1 14589880_1124705697577926_8491113400276321513_o 14680945_1124708407577655_2679302792263724735_o 14713034_1124707117577784_7918075484301663307_o-1 14713034_1124707117577784_7918075484301663307_o

 

ចែករំលែក

បញ្ចេញយោបល់