សម្លេង យើង៖ “ជំហរបស់ខ្ញុំជាម្ចាស់ឆ្នោត គឺប្រាកដណាស់ «មិនខឹងគោ វ៉ៃរទេះ» នោះទេ”

ថ្ងៃអង្គារ ទី ២៣ ឧសភា ២០១៧​
633

ក្នុងនាមខ្ញុំជាម្ចាស់ឆ្នោត គឺស្គាល់ច្បាស់ពីដំណើរជីវិតខ្លួនឯង ជាមួយឪពុកម្តាយខ្ញុំ, លោកតាលោកយាយខ្ញុំ, បងប្អូនខ្ញុំ, កូនក្មួយចៅៗខ្ញុំ និងសាច់ញាតិទាំងប្រាំពីរសណ្តានរបស់ខ្ញុំ ដែលមកទល់បច្ចុប្បន្ននេះ គឺបានរួមរស់ជាមួយជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីជីវិតលំបាកក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម រហូតមកសន្តិភាព និងរីកចម្រើនបណ្តើរៗ។ បើទោះបីមានការអាក់អន់ចិត្តខ្លះចំពោះបុគ្គលជាមន្ត្រីរដ្ឋ ក៏ខ្ញុំនៅតែគោរពទទួលស្គាល់គុណតម្លៃនៃការរួមសុខរួមទុក្ខជាមួយគណបក្សប្រជាជនកម្ពុជាជារៀងដរាបរៀងមក ជាមួយនឹងសេចក្តីសង្ឃឹមថា សម្តេចតេជោសែនមានសមត្ថភាពដឹកនាំប្រទេសទៅរកការអភិវឌ្ឍជាក់ស្តែង។ និយាយឲ្យចំ គឺមិនដែលមានទេក្នុងសង្គមមុនៗ។ ទន្ទឹមហ្នឹងនេះ បើទោះបីជាមានបុគ្គលមន្ត្រីរដ្ឋខ្លះ ប្រព្រឹត្តខុសឆ្គងមកលើខ្ញុំ និងក្រុមគ្រួសារ តែយើងខ្ញុំនៅតែមានជំនឿជឿជាក់ថា សម្តេចតេជោសែន ពិតជាមិនទុកឲ្យបុគ្គលទាំងនោះបន្តឆ្លៀតឱកាសប្រព្រឹត្តអំពើខុសឆ្គងតទៅទៀតឡើយ។

ជាការពិតណាស់ សូម្បីតែឪពុកម្តាយមានកូនបីបួនក្នុងបន្ទុក ក៏មិនអាចប្រដៅកូនឲ្យដើរតាមគន្លងល្អ១០០% ផង ចុះទំរាំប្រជាពលរដ្ឋជាង១៥លាននាក់ វាតែងតែជួបបញ្ហាជាក់ជាមិនខាន។
និយាយតាមត្រង់ទៅចុះ ខ្ញុំអាក់អន់ចិត្តមែន ចំពោះបុគ្គលមន្ត្រីរដ្ឋមួយចំនួន តែខ្ញុំមិន “ខឹងគោ វ៉ៃរទេះ” បានឡើយ បានសេចក្តីថា បញ្ហាអាក់អន់ចិត្តនេះមិនអាចធ្វើឲ្យសតិសម្បជញ្ញៈរបស់ខ្ញុំ ខឹងបុគ្គលទាំងនោះសោះ បែរជាបោះបង់ចោលគណបក្សប្រជាជនកម្ពុជាដែលបានរួមសុខរួមទុក្ខរាប់ឆ្នាំមកហើយបានទេ។
ពិតមែនតែគណបក្សមានគរគោក តែក្រៅពីគណបក្សប្រជាជនកម្ពុជា ខ្ញុំគ្មានឃើញគណបក្សណា បានធ្វើអ្វីជាសមិទ្ធិផលបន្តិចសោះ ក្រៅតែពីសន្យាខ្យល់ និងបញ្ឆេះឲ្យប្រជាពលរដ្ឋខ្មែរ តែប៉ុណ្ណោះ។ អ្នកធ្លាប់ច្រឡំគាំទ្រគណបក្សទាំងនោះ ជាពិសេស គណបក្សសង្គ្រោះជាតិ កាលឆ្នាំ២០១៣ ដល់ទីបំផុត គឺជាក់ស្តែងបានមកវិញ ត្រឹមតែ “ការខកចិត្ត”។ គណបក្សប្រឆាំង តាំងពីមេបក្ស ថ្នាក់ដឹកនាំកំពូល រហូតដល់ថ្នាក់ក្រោម ចេះត្រឹមតែបញ្ចេញវោហារស័ព្ទវាយប្រហារ បញ្ឆេះកំហឹងនិងសន្យាខ្យល់។

លោក កឹម សុខា ធ្លាប់បានសន្យានៅឆ្នាំ២០១២ ថាឈ្នះបានមេឃុំ ឲ្យចាស់ៗបួនម៉ឺនរៀល, បង្កើតមត្តេយ្យសាលា និងមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មតាមឃុំនីមួយៗ។ល។ ដល់ឈ្នះបានធ្វើមេឃុំចំនួន១៨ មកទល់ថ្ងៃនេះជិតចប់អាណត្តិទៅហើយ អត់ឃើញបានស្អីទាំងអស់ សូម្បីតែរថយន្តដែលថាទុកដឹកអ្នកជម្ងឺទៅមន្ទីរពេទ្យ ចតចោលប្រើការមិនកើត គ្មានលុយចាក់សាំង តែលោក កឹម សុខា មានលុយចិញ្ចឹមនារីកំណាន់ចិត្តក្មេងៗរបស់គាត់យ៉ាងសម្បូរបែប។ ឥឡូវគាត់ត្រូវការសន្លឹកឆ្នោតយើងទៀតហើយ មកសន្យាខ្យល់ទៀតហើយ ខ្ញុំអត់ជឿលោក កឹម សុខាទេ!
ដូច្នេះ យើងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា គឺបោះឆ្នោតឲ្យខ្លួនឯង, ក្រុមគ្រួសារ, ភូមិឃុំយើង និងប្រទេសជាតិ។ ប្រជាពលរដ្ឋតែងតែហៅរត់ម៉ាត់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សសម្តេច ហ៊ុន សែន។
ដូច្នេះ ខ្ញុំមោទនភាពណាស់ដែលសម្រេចចិត្តលើសន្លឹកឆ្នោតគូសចំរូបទេវតាបាចផ្កាជាគណបក្សសម្តេច ហ៊ុន សែន៕
ប្រភព៖ សម្លេង យើង

 

 

ចែករំលែក

បញ្ចេញយោបល់