លោក ម៉ៅ ភិរុណ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល រួមជាមួយ លោក ប៉ាល់ ចាន់តារា ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំឃុំជ្រោយតាកែវ ស្រុកកោះធំ និងលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានផ្លូវបេតុងអាមេប្រវែង ៦៣៧ ម៉ែត្រ ស្ថិតនៅភូមិព្រែកតាទៀង១ ភូមិព្រែកតាទៀង២ ភូមិព្រែកថ្មី ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ដែលត្រូវសាងសង់ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០១៧ ជាមួយនឹងវត្តមានពីសំណាក់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបចំនួន ១០២៤ នាក់។
លោក ម៉ៅ ភិរុណ បានឲ្យដឹងថា លោកបានមកចុះសួរសុខទុក្ខបងប្អូននៅជ្រោយតាកែវជាច្រើនលើកមកហើយ ដើម្បីស្វែងយល់ពីតម្រូវការផ្សេងៗរបស់បងប្អូនក្នុងឃុំនេះ។ ចំណែកវត្តមាននៅថ្ងៃនេះ គឺដើម្បីចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាក្រុមប្រឹក្សាខេត្តឆ្នាំ២០១៦ ហើយសមិទ្ធផលនេះគឺបន្ថែមទៅលើសមិទ្ធផលនានាដែលមានស្រាប់នៅក្នុងមូលដ្ឋាន។
លោកក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋអំពីគោលបំណង និងសារ:សំខាន់នៃការបោះឆ្នោតឃុំនៅកម្ពុជា ដែលពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បង្ខិតសេវាសាធារណ: និងសេវារដ្ឋបាលមកជិតប្រជាពលរដ្ឋ ដើម្បីឱ្យមូលដ្ឋានយើងមានការអភិវឌ្ឍ រីកចម្រើនទៅមុខទៀត។
បន្ថែមពីនោះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងស៊ីសងគ្រប់ភេទ ពិសេសល្បែងកន្ទុយលេខ ព្រោះល្បែងស៊ីសងតែងតែបង្កើតនូវអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបទល្មើសផ្សេងៗនៅតាមមូលដ្ឋានរបស់យើង។
អាជ្ញាធរដែនដី និងអជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងអភិវឌ្ឍមូលដ្ឋាន និងជាពិសេសបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា បើកបរដោយគោរពច្បាប់ចរាចរ និងបើកបរត្រូវមានការប្រុងប្រយ័ត្ន និងត្រូវមានការអធ្យាស្រ័យ និង ត្រូវរួមគ្នាទប់ស្កាត់គ្រឿងញៀននៅមូលដ្ឋាន ពិសេសខិតខំអប់រំកូនចៅរបស់យើងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាការទប់ស្កាត់បទល្មើសនានានៅមូលដ្ឋានគឺតម្រូវឱ្យមានការចូលរួមពីគ្រប់ៗគ្នា ទាំងអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ផងដែរ។
អភិបាលខេត្តកណ្តាល ក៏បានអំពាវនាវដល់បងប្អូនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញនៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ហើយសូមបោះឆ្នោតជូនគណបក្សណា ដែលបាននិងបន្តជួយអភិវឌ្ឍនៅមូលដ្ឋានរបស់យើង ពិសេសគឺបោះឆ្នោតដើម្បីរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ហើយការសម្រេចចិត្តបោះឆ្នោតត្រឹមត្រូវនោះសមិទ្ធផល នានានឹងកើតមានឡើងជាបន្តបន្ទាប់ទៀត៕