អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍មួយ ដើម្បីចុះទៅជួបប្រជាពលរដ្ឋជាប្រចាំរៀងរាល់ថ្ងៃ ទាំង១១២ភូមិ ក្នុងរមណីយដ្ឋានអង្គរ ដើម្បីផ្សព្វផ្សាយអំពីការងារអភិរក្សបេតិកភណ្ឌអង្គរឲ្យប្រជាពលរដ្ឋបានយល់ដឹង ក៏ដូចជាចូលរួមថែរក្សាការពារក្នុងនាមជាអ្នករស់នៅផ្ទាល់ជាមួយបេតិកភណ្ឌអង្គរ។
លើសពីនោះ ក្រុមការងារសហគមន៍ក៏បានដោះស្រាយសំណើ និងបញ្ហានានាដែលប្រជាពលរដ្ឋក្នុងតំបន់អង្គរជួបប្រទះផងដែរ។ ជាក់ស្តែង សម្រាប់ខែឧសភា ឆ្នាំ២០១៧នេះ ដោយគិតត្រឹម៣សប្តាហ៍ដំបូង ក្រុមការងារសហគមន៍បានចុះពិនិត្យសំណើសុំជួសជុលផ្ទះសម្បែង និងសាងសង់សំណង់តូចៗបានចំនួន១៤៤ករណី និងអនុញ្ញាតបានចំនួន១០៣ករណីនៅទីតាំងផ្ទាល់។
ក្រៅពីដោះស្រាយបញ្ហាសាងសង់ ក្រុមការងារក៏បាននាំយកអំណោយកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកទៅចែកជូនស្ត្រីទើបសម្រាលបុត្រក្នុងតំបន់អង្គរបានចំនួន១០៥នាក់ ដោះស្រាយថវិកាគោលនយោបាយដីធ្លី២គ្រួសារ និងឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលរងការខូចខាតដោយសារស្រូវលិចទឹកក្នុងឆ្នាំ២០១៦កន្លងទៅ។ បន្ថែមពីនោះ ក្រុមការងារសហគមន៍ក៏បានចូលរួមឧបត្ថម្ភថវិកាកាត់សម្លៀកបំពាក់ជូនប្រជាការពារភូមិ ចូលរួមឧបត្ថម្ភបុណ្យសព និងចូលរួមក្នុងវេទិកាសាធារណៈ ដើម្បីឆ្លើយតបនឹងសំណួរនានាដែលលើកឡើងដោយប្រជាពលរដ្ឋផងដែរ៕