លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីពេលរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងតែងគាំទ្រកម្ពុជារៀងរហូតមក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ខាប្រចាំកម្ពុជាបញ្ចប់អាណត្តិ ចូលជួបសម្តែងការគួរសមនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះលោកឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបាត់បង់យុទ្ធជនឆ្នើមចំនួន ៤រូប ក្នុងបេសកកម្មរក្សាសន្តិភាពនៅអាហ្រ្វិកកណ្ដាល។ លោកថា ឥណ្ឌាក៏មានកងកម្លាំងកំពុងបំពេញការងារថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិជាមួយកងកម្លាំងរបស់កម្ពុជានៅប្រទេសហ្ស៊ូដង់ខាងត្បូង ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អ។
លោកឯកអគ្គរាជទូតឥណ្ឌាក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីសម្របសម្រួលឱ្យ ឥណ្ឌាបានក្លាយជាប្រទេសដៃគូអាស៊ាន ហើយពេលនេះថ្នាក់ដឹកនាំឥណ្ឌាកំពុងរង់ចាំដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌាដោយរំពឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាឆ្នាំ២០១៨ ខាងមុខ។
លោកឯកអគ្គរាជទូតបានលើកឡើងផងដែរ អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ដែល ក្នុងនោះមានទាំងវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌ ជាពិសេសគឺចង់ឱ្យ មានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផ្ទាល់តែម្តង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពរាល់ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាពាក់ព័ន្ធនឹងការ ពង្រីកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនលើគ្រប់វិស័យ និងបានចាត់ទុកឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីពេលរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយតែងបានគាំទ្រកម្ពុជារៀងរហូតមក។លោកនាយករដ្ឋមន្ដ្រីបានបន្ដទៀតថា កន្លងមកឥណ្ឌាក៏បានផ្ដល់ជំនួយ និងកម្ចីឥណទានខ្លះៗដល់កម្ពុជាផងដែរ សម្រាប់កសាងទំនប់ទឹក នៅស្ទឹងតាសាល់ និងការតបណ្ដាញអគ្គិសនីពីខេត្តស្ទឹងត្រែងមកខេត្តក្រចេះ ដើម្បីនាំភ្លើងពីទន្លេសេសានពីរប្រើប្រាស់នៅចុងឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាដែរ ដោយបានលើកឡើងពីក្រុមហ៊ុន អាណា របស់ជប៉ុនដែលដំបូងឡើយពុំសូវមានមនុស្សជិះ ប៉ុន្តែបច្ចុប្បន្នមានមនុស្សជិះច្រើន ពេញៗតែម្តង។
ដោយឡែកចំពោះទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០១៧នេះ គឺប្រទេសឥណ្ឌាជាអ្នកផ្តល់ជូនមកកម្ពុជា។ ដោយលោកឯកអគ្គរដ្ឋទូតឥណ្ឌាបានអះអាងថា ទឹកខ្មៅនេះ គឺធ្លាប់បានប្រើក្នុងការបោះឆ្នោតនៅឥណ្ឌា ដែលមានប្រជាពលរដ្ឋជាង ១ពាន់លាននាក់ គឺប្រទេសឥណ្ឌពុំដែលមានបញ្ហាអ្វីនោះទេ។ ដូច្នេះកម្ពុជា ត្រូវមានជំនឿទុកចិត្តលើទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោតខាងមុខនេះ៕