លោក សាយ សំអាល់៖ កិច្ចការពារ និងអភិរក្សជីវៈចម្រុះទទួលជោគជ័យដោយមានការចូលរួមលះបង់ខ្ពស់របស់មន្រ្តីទាំងអស់គ្នា

ថ្ងៃចន្ទ ទី ២២ ឧសភា ២០១៧​
113

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជាទទួលបានជោគជ័យរហូតមកទល់ពេលនេះគឺអាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់របស់មន្ត្រីទាំងអស់របស់យើងទាំងកម្លាំងបញ្ញា ស្មារតី និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោក បានថ្លែងដូចនេះក្នុងឱកាសចូលរួមជាអធិបតីក្នុងទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៧ក្រោមប្រធានបទ «ជីវៈចម្រុះ និងទេសចរណ៍ប្រកបដោយនិរន្តរភាព»។

ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ២០១៧ ក្រោមប្រធានបទ «ជីវចម្រុះ និងទេសចរណ៍ប្រកបដោយនិរន្តរភាព» ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនាយកដ្ឋានជីវៈចម្រុះនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងមានការគាំទ្រពីដៃគូអភិវឌ្ឍនានា ជាពិសេសអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) និងសហគមន៍អឺរ៉ុប(EU) ហើយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សិស្ស និស្សិតប្រមាណ ៥០០នាក់ផងដែរ។

ថ្លែងសុន្ទរកថាក្នុងទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៧ លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងពីតម្លៃ និងសារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលបានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពមនុស្សនៅលើភពផែនដី។ ដោយមានការរួមផ្សំពីស្ថិរភាពនយោបាយ និងសន្តិសុខជាង ៣០ឆ្នាំកន្លងមកនេះ វិស័យទេសចរណ៍ធម្មជាតិ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ដែលបានជំរុញលើកទឹកចិត្តដល់ការកែប្រែឥរិយាបថរបស់ប្រជាជនពីការប្រើប្រាស់ធនធានហួសកម្រិតមកជាការអភិរក្សជីវៈចម្រុះ និងប្រភេទកម្រ ឬជិតផុតពូជនានានៅលើពិភពលោកផងដែរ។

លោក សាយ សំអាល់ ក៏បានបញ្ជាក់ថា ដោយឈរលើទស្សនៈអភិរក្សផង និងអភិវឌ្ឍផង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន បានរៀបចំនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្ដីពីជីវៈចម្រុះ ដែលបានផ្ដោតការយកចិត្តទុកដាក់លើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលទាំងនិរន្តរភាពវិស័យទេសចរណ៍ ព្រមទាំងបានលើកឡើងនូវទិសដៅនៃការអភិរក្សប្រភេទនានា និងការជំរុញលើកកម្ពស់ផ្នែកសេវាកម្មនៅក្នុងឧទ្យាន (Park Services) ដល់ភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត។ ផ្អែកលើការកែទម្រង់វិស័យបរិស្ថានក្នុងពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារធម្មជាតិបានកើនឡើងរហូតដល់ទៅ ៧,៥លានហិកតា ស្មើនឹង ៤១% នៃផ្ទៃប្រទេស ដែលចំនួននេះច្រើនជាង ២ដងនៃគោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០ នៅប្រទេសជប៉ុន។ ផែនការ និងយុទ្ធសាស្រ្តទាំងអស់ដែលយើងបានរៀបចំ និងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយដែលគោលការណ៍នេះបានដើរទន្ទឹមគ្នាជាមួយនឹងនិន្នាការពិភពលោក។

លោក សាយ សំអាល់ ក៏បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច ក្នុងការអភិរក្សជីវៈចម្រុះសម្រាប់កូនចៅជំនាន់ក្រោយ និងជាទុនដ៏វិសេសវិសាលក្នុងការអភិវឌ្ឍប្រទេស៕

ចែករំលែក

បញ្ចេញយោបល់