ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «កិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិសម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ លើកទី៤» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង «កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ លើកទី៥» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៥ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូ មកពីបណ្ដាប្រទេសជាសមាជិកមួយចំនួនដូចជា អេក្វាឌ័រ ហ្គាតេម៉ាឡា ហុងឌុយរ៉ាស់ ប៉ាណាម៉ា ប៉ារ៉ាហ្គាយ សេណេហ្គាល់ ហ្សំប៊ី ប្រេស៊ីល កូសូវ៉ូ និងបុគ្គលិកអប់រំ អ្នកជំនាញនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) តំណាងអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នដែលពាក់ព័ន្ធចំនួន ១៦០នាក់។
កិច្ចប្រជុំនេះ ពិភាក្សាផ្ដោតសំខាន់ទៅលើការពិនិត្យឡើងវិញ និងការពិភាក្សាពីលទ្ធផលនៃការអនុវត្តកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ និងពិនិត្យលើគម្រោងលម្អិតសម្រាប់ប្រមូលលទ្ធផលនៃការសិក្សាសំខាន់ៗក្នុងគោលបំណងផ្ដល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍបានចូលរួមក្នុងការវាយតម្លៃបំណិនរបស់សិស្សអាយុ ១៥ឆ្នាំ ក្នុងក្របខ័ណ្ឌអន្តរជាតិ ហើយលទ្ធផលបានពីការវាយតម្លៃ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីកែលំអគោលនយោបាយអប់រំ យុទ្ធសាស្ត្រអប់រំកម្មវិធីសិក្សា និងការបង្រៀន និងរៀន៕