លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បក្ស​ប្រជាជនកម្ពុជា​ដឹកនាំ​ប្រទេស បក្ស​តូចៗក៏​មាន​សេចក្តី​សុខ​ដូចគ្នា ព្រោះ​យើង​ស្រឡាញ់​សន្តិភាព

ថ្ងៃចន្ទ ទី ២២ ឧសភា ២០១៧​
222

ទំព័រហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា នៅ​ព្រឹក​ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៧ បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃការ​ឃោសនា​បោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤ ឆ្នាំ​២០១៧ របស់​សមាជិក សមាជិកា​ សកម្ម​ជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​រាប់​សែន​នាក់ និង​មានការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​លើស​លប់​ ដែល​បង្ហាញ​ច្បាស់​ពី​ភាព​ជោគ​ជ័យ ជាមួយ​នឹង​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​បំផុត។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​យ៉ាង​គគ្រឹកគគ្រេង​ដង្ហែរ​បក្ស និង​ចូល​រួម​អបអរសាទរ គឺ​បញ្ជាក់​ច្បាស់​ពីការ​គោរព​ស្រឡាញ់​បក្ស​ប្រជាជន ដោយ​សារ​បក្ស​ប្រជា​ជន​​ជា​បក្ស​របស់​ប្រជា​ជន​​ពិតៗ រួម​សុខ​ទុក្ខ​ជាមួយ​ប្រជាជន និង​នៅ​ជាមួយ​ប្រជាជន​គ្រប់​ពេល​​មិន​ថា​ពេល​លំបាក ឬ​សប្បាយ​រីក​រាយ។

ខាង​ក្រោម​នេះ​ជា​ខ្លឹម​សារ​ដើម​ទាំង​ស្រុង​របស់​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ទំព័រហ្វេសប៊ុក​៖

គណបក្សប្រជាជនកម្ពុជា ចាប់ឈ្នះតាំងពីការឃោសនាបោះឆ្នោត!

ប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានមកចូលរួមដង្ហែរបក្សយ៉ាងគគ្រឹកគគ្រេង រីឯបងប្អូន លោក យាយ លោកតាមួយចំនួនដែលមិនបានមក ក៏បានអបអរសាទរ​សប្បាយរីក​រាយ​ដោយ​ទឹក​មុខ​ស្រស់​ថ្លានៅតាមផ្ទះ ទីប្រជុំជន និងតាមផ្លូវ ដែលបានបង្ហាញច្បាស់អំពីភាពជោគជ័យជាមួយនឹងទំនុក​ចិត្ត​យ៉ាង​ខ្លាំងបំផុត!

បងប្អូនប្រជាពលរដ្ឋបានឃើញច្បាស់ហើយ ការគោរពស្រឡាញ់បក្សប្រជាជនយើង គឺមានពីគ្រប់ ស្រទាប់​​វណ្ណះ! នេះដោយសារបក្សយើងជាបក្សរបស់ប្រជាជនពិតៗ ដែលរួមសុខរួមទុក្ខ​ជាមួយ​ប្រជា​ជន និងនៅ​ជាមួយប្រជាជនគ្រប់ពេលទាំងពេលក្រលំបាក ទាំងពេលសប្បាយរីករាយ។ បក្ស​ប្រជា​ជន ដឹកនាំ​គ្រប់​គ្រង​ប្រទេស គឺបក្សតូចៗទាំងអស់ក៏មានក្តីសុខដូចគ្នា ព្រោះយើង​ស្រឡាញ់​សន្តិ​ភាព!

អរគុណ បងប្អូនជនរួមជាតិទាំងអស់គ្នា!

ចែករំលែក

បញ្ចេញយោបល់